ប្រាសាទគោករកា, ប្រាសាទគុករកា

ទំហំនៃប្រាសាទនេះ គឺ ៥x៦ ម៉ែត្រ និងមានកម្ពស់ ៨ម៉ែត្រ ហើយតាមស្លាកស្នាមពីសម័យដើម មានកំពែងធ្វើអំពីថ្មបាយក្រៀមហ៊ុំព័ទ្ធជុំវិញ។ ប្រាសាទទ្រេតមួយនេះត្រូវបានទេសចរបរទេសដាក់ឈ្មោះថា (Leaning Tower of Pisa Cambodia) «ប្រាសាទទ្រេតនៅកម្ពុជា» ដែលប្រៀបទៅប្រាសាទទ្រេតនៅអ៊ីតាលី។ ប្រាសាទនេះរងគ្រោះដោយការទម្លាក់គ្រាប់បែកពីយន្តហោះបេ៥២ និងគ្រាប់ណាប៉ាល់ នៅឆ្នាំ ១៩៧០-១៩៧៥។ គ្រាប់បែកដែលបានធ្លាក់ជិតប្រាសាទ ជាហេតុនាំឱ្យតួប្រាសាទទ្រេតស្ទើរតែដួលរលំ។ ប្រាសាទព្រះធាតុ ឬ ប្រាសាទគោករកា មានប្រាង្គមួយមានរាងកាកបាទ សង់អំពីថ្មភក់បែរមុខទៅទិសខាងកើត និងនៅទិសផ្សេងទៀតមានទ្វារបញ្ឆោត។ នៅទិសឦសាន មានស្រះតូចមួយមានគែមរៀបថ្មបាយក្រៀមនៅជុំវិញ ហើយនៅខាងកើតមានស្រះទឹកធំមួយ។ ប្រាសាទនេះមានតម្រៀបថ្មភក់ជាបួនថ្នាក់តែមិនសូវមានក្បាច់លម្អអ្វីឡើយ។ ប្លង់នៃប្រាសាទនេះមានទម្រង់ជាសំណង់ហោបន់ស្រន់នៃមន្ទីរពេទ្យ ដូចជាអរោគ្យសាលាដទៃទៀតនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័ន ទី៧ដែរ ប៉ុន្តែមិនមានហោត្រៃទេ។ សំណល់វត្ថុសិល្បៈតម្កល់នៅទីនេះ ខ្លះជាវត្ថុធាតុដើមនៃប្រាសាទ និងខ្លះទៀតអាចត្រូវគេប្រមូលមកពីប្រាសាទចាស់ៗនៅក្បែរៗនោះ ដែលរួមមានផ្ដែរ ៨ ផ្ទាំង ដែលក្នុងនោះមានតែ ២ ផ្ទាំងទេជារបស់ប្រាសាទ រីឯ ៦ផ្ទាំងផ្សេងទៀតពីប្រាសាទដទៃ។ ផ្តែរនៅទ្វារបញ្ឆោតខាងត្បូង ជាផ្តែរចាស់យកមកកាត់ដើម្បីប្រើប្រាស់ឡើងវិញមានរចនាបថព្រៃក្មេង ចំណែកផ្ដែរទ្វារខាងជើងជាផ្តែរចាស់នៃរចនាបថបាពួន។ សិលាចារឹករកឃើញទីនេះចំនួន ៦ ផ្ទាំង ដែលអាចសន្និដ្ឋានថា ប្រាសាទគោករកា ជាទីតាំងអតីតប្រាសាទចាស់មួយកាលពីសម័យមុនអង្គរ ហើយមកដល់រាជ្យព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានសង់បន្ថែមទៅជាសំណង់ហោបន់ស្រន់នៃមន្ទីរពេទ្យ។

ទីតាំងនៅលើផែនទី