ប្រាសាទមានរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតមានស៊ុមទ្វារធ្វើពីថ្មភក់និងសសរស្តម្ភ រាងប្រាំបីជ្រុង។ ប្រាសាទនេះសង់លើឋានតូចមួយ មានផ្ដែរឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីលុតជង្គង់។ ពាក្យ ប៉ាលោប ឬប៉ាឡោប ក្លាយមកពីពីបុរាណថា ប៉ាលោ (អានថា ប៉ា-ឡោ ព្រោះខ្មែរសម័យបុរាណ មិនមាន ព្យញ្ជនៈ ឡ ទេ) មានន័យថា «រក្សា»។ ដូច្នេះយើងអាចជឿថា អ្នកតាប៉ាលោប ឬ អ្នកតាប៉ាឡោ គឺ «អ្នកតារក្សា ឬអ្នកតាម្ចាស់ស្រុក»។ សព្វថ្ងៃតួប្រាសាទទាំងមូលស្ទើរមើលលែងយល់ទៅហើយ ដោយសារមានពំនូកដីដំបូកដុះវែងខ្ពស់ទៅលើប្រាសាទ ដែលយើងអាចមើលឃើញច្បាស់តែស៊ុមទ្វារចូលប៉ុណ្ណោះ។ ពិនិត្យមើលអំពីលក្ខណៈស្ថាបត្យកម្ម ប្រាសាទអ្នកតាប៉ាលោប ទំនងជាសំណង់ក្នុងស.វ.ទី១០ រចនាបថប្រែរូបឬបន្ទាយស្រី ក្នុងរជ្ជកាលព្រះបាទ រាជេន្ទ្រវរ្ម័ន (គ.ស.៩៤៤-៩៦៧) ឬព្រះបាទជ័យវរ្ម័នទី៥ (គ.ស.៩៦៨-១០០០)។