ប្រាសាទស្វាយអៀ ឬប្រាសាទបី គឺគេហៅសំដៅលើឈ្មោះភូមិ ឬឈ្មោះវត្ត តែបណ្ដាអ្នកស្រាវជ្រាវបានភ្ជាប់ឈ្មោះនេះជាមួយប្រាសាទតែម្ដង។ ប្រាសាទស្វាយអៀ សាងអំពីឥដ្ឋរាងបួនជ្រុងស្មើប្រវែង ៤,៧០ម៉ែត្រ បែរមុខទៅទិសខាងកើត ហើយពីមុនមកមានប្រាង្គចំនួនបីរត់ជួរតាមអ័ក្សពីជើងទៅត្បូង តែសព្វថ្ងៃប្រាង្គពីរទៀតបាក់បែកអស់ហើយ នៅសល់តែប្រាង្គកណ្ដាលមួយប៉ុណ្ណោះដែលនៅឈរ។ ប្រាសាទនេះ មានទ្វារចូលតែមួយទិសប៉ុណ្ណោះ គឺទ្វារចូលនៅទិសខាងកើតហើយនៅទិសចំនួនបីផ្សេងទៀតគេលម្អជាទ្វារបញ្ឆោតមិនមានក្បាច់លម្អអ្វីច្រើននោះទេ។ នៅមុខខាងកើត មាននៅសល់ផ្តែរមួយផ្ទាំង និងសសរពេជ្រពីរដុំ។ ផ្តែរទ្វារនេះមានក្បាច់លម្អយ៉ាងរស់រវើក។ ចំណែកសសរពេជ្រវិញ មានរាងប្រាំបីជ្រុង ដោយមានឆ្លាក់ក្បាច់ជាកង់ៗ លម្អដោយក្បាច់ត្របកឈូក មានរចនាបថប្រែរូប នៅពាក់កណ្ដាលស.វ.ទី១០។