ក្រុងសំរោង

ខេត្តឧត្តរមានជ័យបានបង្កើតនៅឆ្នាំ១៩៦៤ ប៉ុន្តែក្នុងសម័យសង្គ្រាមស៊ីវិលរដ្ឋបាលខេត្តត្រូវបានលើកមកដាក់នៅខេត្តសៀមរាប ហើយនៅឆ្នាំ១៩៩៥ ខេត្តនេះត្រូវបានបង្កើតឡើងសាជាថ្មី។ ខេត្តដែលមានព្រំប្រទល់ជាប់នឹង ប្រទេសថៃវែងជាងគេបំផុតនេះទល់នឹងខេត្តបីរបស់ថៃ រួមមានខេត្តបូរីរ៉ាំ, សុរិន និង ស៊ីសាកេត គឺប្រវែងដល់ទៅ ២២៤ គីឡូម៉ែត្រ ខណ្ឌចែកពីគ្នាដោយភ្នំដងរ៉ែក។ ខេត្តជើងភ្នំដងរ៉ែកមួយនេះ មានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម និងពាណិជ្ជកម្មតាមច្រកព្រំដែន។ សក្ដានុពលសេដ្ឋកិច្ចរបស់ខេត្ត គឺរ៉ែក្រោមដី ដំណាំស្រូវនិង ដំណាំ កសិឧស្សាហកម្ម ដែលនៅមានទំហំតិចតួច។ ប៉ុន្តែខេត្តនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ដូចជា ទឺកជ្រោះនានាតាមជើងភ្នំដងរ៉ែកនិងរមណីដ្ឋានកែឆ្នៃជាទំនប់ធំៗ។ បើនិយាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រវិញ ខេត្តនេះមានប្រាសាទជាច្រើន នៅលើជួរភ្នំដងរ៉ែកនិងនៅតាមដងផ្លូវបុរាណពីអង្គរធំទៅភិម័យ។ ស្រុកបន្ទាយអំពិលជាទីតាំងស្ថិតនៅលើផ្លូវបុរាណនោះប្រជុំដោយបា្រសាទជាច្រើន តែគួរឱ្យស្ដាយ ប្រាសាទភាគច្រើន បានត្រូវវិនាសដោយស្នាដៃមនុស្សនិងធម្មជាតិ។ គួរកត់សម្គាល់ថា នៅមានប្រាសាទជាច្រើន ដែលនៅក្នុងព្រៃនៃខេត្ត ដែលមិនទាន់រុករានដល់ ដូចជាថ្មីៗនេះគេបានប្រទះឃើញ បា្រសាទតាតុញនៅក្នុង ភូមិសាស្ត្រនេះ។ ចំណែកអន្លង់វែងវិញគឺជាទីស្នាក់ការចុងក្រោយរបស់ពួកខ្មែរក្រហមក៏បានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្ររំឭកពីរបបប្រល័យពូជសាសន៍នេះ ដូចជាផ្ទះតាម៉ុក ផ្នូរប៉ុលពតជាដើម។ ខេត្តឧត្តរមានជ័យចែកចេញជា ៤ ស្រុក និងក្រុងមួយ គឺក្រុងសំរោង ដែលជាទីរួមខេត្តតែមួយគត់ស្ថិតជាប់នឹងព្រំដែន។ ស្រុកទាំងបួនមានឈ្មោះ ស្រុកត្រពាំងប្រាសាទ, បន្ទាយអំពិល, សំរោង និងស្រុកអន្លង់វែង។ ខេត្តមានប្រជាជនជាង២៦០ពាន់នាក់ និងមានដង់ស៊ីតេ ៤២នាក់ក្នុងមួយគីឡូម៉ែត្រ ការ៉េ។ និមិត្តសញ្ញារបស់ខេត្តគឺមានរូប អវតាព្រះវិស្ណុលោកេស្វរៈ មានដៃប្រាំបីកាន់ កងចក្រ, គម្ពីរវេទ, មោង, ព្រះពុទ្ធរូប, ថូទឹក, ផែនដី, ផ្កាឈូក និងខ្យងស័ង្ខ។

ទីតាំងនៅលើផែនទី