នៅខាងលិចទីក្រុងបាត់ដំបង ចម្ងាយប្រមាណ ១២ គីឡូម៉ែត្រ មានភ្នំជាច្រើននៅជិតៗគ្នា មានភ្នំសំពៅ ភ្នំទ្រុងមាន់-ទ្រុងទា និងភ្នំរំសាយសក់ជាដើម។ ភ្នំសំពៅ គឺជាភ្នំមួយដែលមានកម្ពស់១០០ម៉ែត្រ និងជាទីរមណីយដ្ឋានធម្មជាតិមួយ ដែលភ្ញៀវទេសចរណ៍និយមទៅកម្សាន្ត លំហែនៅចុងសប្ដាហ៍និងពេលមានពិធីបុណ្យទានម្ដងៗ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅមានកម្ពស់ប្រហែល ១០០ម៉ែត្រ និងមានកាំជណ្ដើរ ១០៣កាំ។ គេអាចឡើងភ្នំតាមជណ្ដើរថ្មបត់បែនចុះឡើងឬមួយប្រើផ្លូវរថយន្តឡើងទៅជិតដល់កំពូលភ្នំ ដល់ទីវត្តក៏បាន។ ភ្នំសំពៅមានល្អាងរូងភ្នំទាំងតូចទាំងធំចំនួន១២ រួមមាន ល្អាងផ្កាស្លា, គក់ទ្រូង, ខ្យល់, តែងខ្លួន, ល្ខោន, ជ្រៃ, ពេជ្រ, ខ្វែង, ប្រេង, ក្បាលខ្មោច, គិរីរម្យនិងល្អាងធំ។ រឿងនិទានពីភ្នំនេះ គឺតភ្ជាប់និងភ្នំបាណន់ដែរ គឺពេលនាងសុវណ្ណមសា ជាប្រពន្ធដើមចៅរាជកុល ប្រើក្រពើឈ្មោះ អាធន់ឱ្យទៅតាមកល់សំពៅនោះពួកពលក្រឡេកឃើញក្រពើធំសម្បើម ក៏ភ័យស្រែកឆោឡោពេញទាំងសំពៅ ខ្លះបោះត្រឡាច ល្ពៅ ព្រមទាំងមាន់និងទាទាំងទ្រុងៗ ទៅឱ្យអាធន់ស៊ី។ ក្នុងពេលនោះនាងរំសាយសក់ក៏ប្រើមន្តវិជ្ជាការឱ្យទឹកសមុទ្រខះរឹងអស់។ ក្រពើក៏ជាប់ក្នុងដីនោះរហូតដាច់ខ្យល់ស្លាប់ កើតទៅជាភ្នំក្រពើ បឹងកន្ទុយក្រពើនិងបឹងច្រមុះក្រពើ។ ឯសំពៅនោះ ក៏កើតទៅជាភ្នំសំពៅ ភ្នំក្ដោងសំពៅ ភ្នំទ្រុងមាន់ទ្រុងទា និងភ្នំអណ្ដើកផងដែរ។ ព្រះរាជាប្រើសេនាឱ្យទៅចាប់នាងសុវណ្ណមសា យកមកសម្លាប់ ដោយកាត់ក្បាលកើតជាភ្នំមួយ ហៅថាភ្នំសងក្បាលយារមកជាភ្នំសងក្បាន វាលចិញ្ច្រាំពោះ ជាទីដែលសេនាចិញ្ច្រាំពោះវៀននាង។ ឯយោនីរបស់នាង សេនាបានគ្រវែងចោលកើតទៅជាភ្នំក្រពាយនាង ហៅយារមកជាភ្នំបន្ទាយនាង។