អាយុកាលនៃប្រាសាទភ្នំទទុង គឺប្រហាក់ប្រហែលគ្នានឹងប្រាសាទក្នុងគុហាទាំងឡាយក្នុងតំបន់នេះ គឺសាងសង់នៅក្នុងអំឡុងអន្តរកាលរវាងសម័យនគរភ្នំ និងចេនឡានាចុងសតវត្សទី៦ និង ទី៧។ ប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមហើយកំពុងតែត្រូវទទួលរងនូវការបំផ្លាញដោយលំញ័រ ទើបប្រាសាទនេះ ត្រូវបានគេយកឈើមកទប់ច្រូងច្រាងដើម្បីការពារ។ មាត់គុហាស្ថិតនៅកម្ពស់ប្រមាណ ៩០ម. អាចឡើងតាមជណ្ដើរពីក្នុងទីវត្តនាជើងភ្នំ។ ប្រាសាទមានទំហំ ៤ x ៦ ម. បែរទៅទិសខាងកើត មានទ្វារបញ្ឆោត៣។ ផ្ដែរមួយចំនួនបានរលំបាក់អស់ ទោះជាមានឈើចន្ទល់ទប់ក៏ដោយ។