ក្រុងព្រះវិហារ

ខេត្តព្រះវិហារស្ថិតនៅភាគខាងជើងបំផុតនៃប្រទេស នៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងតំបនប្រវត្តិសាស្ត្រ។ ខេត្តដែលនៅជាប់ទល់ដែនជាមួយ ប្រទេសថៃ និងប្រទេសឡាវនេះ មានជនជាតិខ្មែរនិងកួយរស់នៅប្រមាណ២០% មានរបរធ្វើស្រែចម្ការ និងអនុផលព្រៃឈើ។ ខេត្តមានឈ្មោះស្របតាមប្រាសាទព្រះវិហារ ដែលជាប្រាសាទដ៏ធំលើជួរភ្នំដងរែក។ ខេត្តនេះត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៦៤ ដោយកាត់យកដីពីខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប។ ខេត្តព្រះវិហារជាខេត្តមានទំហំទូលាយ ប្រកបដោយសក្ដានុពលកសិឧស្សាហកម្ម និងទេសចរណ៍បែបប្រវត្តិសាស្ត្រជាច្រើនអនេក។ ចំនួនប្រាសាទបុរាណដែលនៅមានរូបរាង ក្នុងខេត្តមានរាប់រយ ដែលទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពី ខេត្តសៀមរាប ដែលក្នុងនោះមានប្រាសាទល្បីៗ ដូចជាប្រាសាទព្រះវិហារ ក្រុមប្រាសាទកោះកេរ ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ ជាដើម។ ចំណុចខ្វះខាតមួយចំនួននៅសេសសល់ គឺប្រាសាទមួយចំនួនធំ មិនទាន់មានផ្លូវគមនាគមន៍ទៅដល់ រួមនិងការផ្សព្វផ្សាយលើឆាកអន្តរជាតិមិនទូលំទូលាយ។ ប្រាសាទព្រះវិហារ ដែលជាទីតាំងធ្លាប់មានជម្លោះក្នុងការដណ្ដើមគ្រប់គ្រងពីសំណាក់ប្រទេសថៃ ជាទីដែលភ្ញៀវជាតិនិងអន្តរជាតិ ចូលទស្សនាកុះករជាងគេក្នុងខេត្តនាពេលបច្ចុប្បន្ន ហើយខេត្តនេះក៏មានតំបន់ ទេសចរណ៍ធម្មជាតិ ឧទ្យានជាតិ និងវប្បធម៌ជាច្រើនទៀត ដូចជាភ្នំត្បែងដែលតាមជំនឿ«ផ្នែកក្នុង» ថាជាទីតាំងដ៏ពូកែសក្ដិសិទ្ធខ្លាំងណាស់។ ខេត្តដែលមានទំហំធំលំដាប់ទី២ក្នុងប្រទេស(បន្ទាប់ពីខេត្តមណ្ឌលគីរី) នេះបែងចែកជា ស្រុកចំនួន៧ គឺស្រុក គូលែន, ឆែប, ជាំក្សាន្ត, ជ័យសែន, ត្បែងមានជ័យ, រវៀង, សង្គមថ្មី និងក្រុងចំនួនមួយ គឺក្រុងព្រះវិហារ។ ខេត្តមាននិមត្តសញ្ញារូប ប្រាសាទព្រះវិហារជាតំណាង។

ទីតាំងនៅលើផែនទី