កោះសំពៅមាស

កោះខ្សាច់មួយនៅកណ្ដាលស្ទឹងពោធិ៍សាត់ ក្នុងទីរួមខេត្តបានរចនាកែច្នៃជារាងសំពៅ មានសួនច្បារជាទីលំហែកម្សាន្ត។ គេអាចមើលឃើញកោះនេះគ្រាន់តែចូលដល់ក្រុងពោធិ៍សាត់ភ្លាម។ ប្រវត្តិកោះសំពៅមាសនេះមិនមានឯកសារណាច្បាស់លាស់ទេ គ្រាន់តែឮគេតំណាលតៗគ្នាថា មានសំពៅមួយដែលមកពីស្រុកចិនបានចូលមកដឹកទំនិញនៅម្ដុំផ្សារក្រោមខេត្ត ពោធិ៍សាត់នេះ តែបានលិចហើយដោយមិនអាចស្រង់វិញបាន។ ទឹកបានហូរនាំល្បាប់ដីខ្សាច់មកព័ទ្ធទីនោះហើយក៏បានក្លាយទៅជាកោះ។ រឿងមួយទៀត តំណាលថា កោះសំពៅមាសនោះ គឺជាកន្លែងដែលនាងពេញ ជាបាវបម្រើលោកជំទាវ ខាន់ ខៀវ ប្រពន្ធលោកឧកញ៉ាឃ្លាំង មឿង បានទៅលោតទឹកសម្លាប់ខ្លួនតាមចៅហ្វាយ ហើយនិងកូនពីរនាក់ទៀត។ ប៉ុន្តែយោងតាមសៀវភៅ “ព្រះស្តេចកន” របស់បណ្ឌិត រស់ ចន្ត្រាបុត្រ អ្នកម្នាង ខៀវ ជាស្នំឯករបស់ព្រះអង្គចន្ទរាជា ហើយនាង ពេញ ជាអ្នកបម្រើ របស់ អ្នកម្នាងទៅវិញ។ នាង ពេញ មុនពេលលោតទឹកនោះបានបួងសួងថា “ខ្ញុំសូមឱ្យបានទៅជួបនឹងចៅហ្វាយខ្ញុំ ហើយឱ្យកើតជាបិសាចនៅស្រុកនេះ”។ នាងពេញបានលោតសម្លាប់ខ្លួនក្នុងស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនោះ ហើយបានកើតជាបិសាចថែរក្សាដំបូកលើកោះនេះ។ កោះសំពៅមាសតែងមានទេសចរចូលទស្សនាពេញមួយសប្ដាហ៍ព្រោះស្ថិតនៅក្នុងក្រុង។

ទីតាំងនៅលើផែនទី