ដំណើរឡើងភ្នំនៅទីតាំងខ្លះត្រូវឡើងចំណោតខ្ពស់តាមរយៈខ្សែពួរដែលត្រូវបានដាក់ឲ្យតោងសួឡើង និងជ្រលងខ្វះខ្យល់អុកស៊ីហ្ស៊ែនដកដង្ហើម។ យើងត្រូវចំណាយពេល ៣ ថ្ងៃ និង ២ យប់ចំពោះដំណើរទាំងទៅនិងមក។ ទោះបីឱរ៉ាល់ គឺជាភ្នំដ៏ខ្ពស់បំផុតនៅប្រទេស កម្ពុជា ក្នុងកម្ពស់ ១៨១៣ ម៉ែត្រក៏ដោយក៏ទីឋានសម្បូរបក្សីកម្រមួយនេះ តែងតែស្វាគមន៍ភ្ញៀវដែលអ្នកនិយមផ្សងព្រេងជាហូរហែ ដោយសហគមន៍តែមួយទទួលសេវាកម្មជូនភ្ញៀវឡើងភ្នំរហូតដល់រាប់ពាន់នាក់ត្រឹម ៦ ខែដំបូងនៃឆ្នាំ ២០១៩។ ភ្ញៀវត្រូវជិះគោយន្ដជាច្រើនម៉ោងមកកាន់ភូមិ រួចជិះគោយន្ដបន្ដដំណើរទៅកាន់ជើងភ្នំឱរ៉ាល់។ ដំណើរកម្សាន្ដឡើងភ្នំរយៈពេល ៣ថ្ងៃ ២ យប់ រួមមានការដើរទស្សនាទីតាំងពេញនិយមមួយចំនួនដូចជា គយគន់ព្រៃឈើ ខ្មោចយន្ដហោះ សត្វស្លាបកម្រៗ ជាពិសេស បទពិសោធដើរព្រៃឡើងភ្នំខ្ពស់បំផុតនៅកម្ពុជា និងការស្នាក់នៅបែបផ្សងព្រេង។ ខ្មោចយន្ដហោះកុម៉្មង់ដូ CIA ដែលជួបឧប្បត្ដិហេតុក្នុងឆ្នាំ ១៩៧៤ គឺជាគោលដៅសំចតដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរចង់ដឹងចង់ឃើញនូវភ័ស្ដុតាងជាក់ស្ដែង និងសោកសង្វេគចំពោះជោគវាសនាអ្នកដំណើរកាលគ្រានោះ។ ស្ថិតនៅពាក់កណ្ដាលនៃកំពូលភ្នំឱរ៉ាល់ គឺមានសត្វក្រួចសំពៅ (មាន់ក្រិក) និងចកវ៉កកម្ពុជា។ សត្វទាំងនេះជាប្រភេទសត្វស្លាបកម្រ ហើយពេលភ្ញៀវមកម្ដងៗ គាត់តែងតែទៅមើលសត្វទាំងអស់ហ្នឹង។