ព្រះវិហារវត្តកំពង់ព្រះ  

ក្រៅពីប្រាសាទដ៏ល្បាញល្បី នៅវត្តនេះក៏មានព្រះវិហារបុរាណ ដែលអ្នកស្រុករមែងមកធ្វើបុណ្យ។ ព្រះវិហារដ៏ចំណាស់មួយនេះ មានសសរអាយុកាលជាង ១០០ឆ្នាំ មានហោជាងធ្វើពីឈើប្រកបដោយក្បាច់ចម្លាក់វិចិត្របិទកញ្ចក់ ហើយបានរួចរស់ពីការបំផ្លិចបំផ្លាញក្នុងសម័យខ្មែរក្រហម ដោយគេយកទីនេះធ្វើជាឃ្លាំងស្រូវ។ នៅឆ្នាំ២០១៩ ព្រះវិហារត្រូវបានជួសជុលឡើងវិញ ក្រោមគម្រោងអភិរក្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នៅក្នុងទីវត្តនេះ ក៏មានអាគារមួយទៀត ប្រក់ស័ង្កសី ដែលគេហៅថាវត្តយួន ប៉ុន្តែសព្វថ្ងៃត្រូវគេបោះបង់ចោល។ មិនឆ្ងាយប៉ុន្មានពីវត្តនេះ គេអាចសម្គាល់ឃើញព្រៃខ្មោច ជាទីដែលអ្នកស្រុកយកសាកសពខ្មោចមកទុកចោលនៅរដូវលិចទឹកមិនអាចបូជាបាន គឺជាព្រៃលិចទឹកមានដើមរាំង ដើមត្រស់ជាដើម លុះដល់រដូវសម្រកទើបគេលើកសពយកមកបូជា។ ប៉ុន្តែសព្វថ្ងៃនេះ គេលែងធ្វើដូចនេះហើយ ព្រោះមានឡដុតនៅតាមទីវត្តអស់ហើយ។

ទីតាំងនៅលើផែនទី