វត្តវិហារសំណ

វត្តវិហារសំណ មិនត្រឹមតែមានប្រវត្តិព្រះវិហារដ៏យូរលង់ទេ ទីនោះក៏ល្បីមានចេតិយបុរាណហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំ និងដើមជ្រៃរយឆ្នាំដុះចាក់ឫសខ្វាត់ខ្វែងដ៏ខ្ពស់សន្លឹមផងដែរ។ រឿងនិទានតំណាលថា ជនជាតិចិនមួយក្រុមបានធ្វើដំណើរតាមផ្លូវទឹកដោយសំពៅមកដល់ភាគខាងជើងភ្នំព្រះរាជទ្រព្យ ស្រាប់តែសំពៅកឿងកល់ជាប់មួយកន្លែងទៅមុខពុំរួច ទើបជនជាតិចិនទាំងនោះបានធ្វើការបួងសួងម្ចាស់ទឹកម្ចាស់ដី សុំធ្វើដំណើរឲ្យមានសេចក្ដីសុខដោយរៀបចំគ្រឿងសក្ការបូជានិងពាក្យសន្យាសង់ព្រះវិហារថ្វាយ។ ទីបំផុតបារមីវត្ថុស័ក្ដិសិទ្ធិបានជួយឲ្យពួកគេសម្រេចបំណងមែន ទើបតាមការសន្យា ក្រុមជំនួញជនជាតិចិនបានត្រឡប់មកកសាងព្រះវិហារជញ្ជាំងរៀបឥដ្ឋ បូកបាយអ ដំបូលប្រក់សំណ សសរឈើក្រាក់បំពាក់ជហ្វាដងក្ដារក្បាច់រចនាសុទ្ធតែឈើទាំងអស់និងព្រះអង្គធំក្នុងព្រះវិហារធ្វើពីថ្មភក់ដោយព្រះភ្នែនទំហំ ២,៨ ម៉ែត្រតាមរចនាបថសម័យអង្គរ។ នៅក្នុងទីវត្តនេះ មានចេតិយបុរាណគេនាំគ្នាហៅតៗមកថា ចេតិយព្រះនាងកែវណាម៉ា ដែលមកទល់ពេលនេះគ្មាននរណា អះអាងលើសពីពាក្យត្រឹមថា «ចេតិយបុរាណ»តែប៉ុណ្ណោះ។ ដោយសារតែព្រះវិហារនេះប្រក់សុទ្ធតែលោហធាតុសំណទើបប្រជាជនដាក់ឈ្មោះថា «ព្រះវិហារសំណ»។ ព្រះគ្រូចៅអធិការតាំងពីឆ្នាំ ១៩៨៧ បានសម្ដែងការសោកស្ដាយដែលមិនអាចឃាត់ខាំងការខួងយកមាស និងសំណយ៉ាងគគ្រឹកគគ្រេងនាទសវត្សឆ្នាំ ១៩៩០ ហើយលោកបានវាយកម្ទេចអារាមទ្រុឌទ្រោមបុរាណដើម្បីសង់ព្រះវិហារថ្មីក្នុងឆ្នាំ ២០០០ ដោយមិនបានយកគម្រូប្លង់តាមព្រះវិហារចាស់ទៀត។ ប៉ុន្តែរូបចម្លាក់ព្រះពុទ្ធដ៏ធំក្នុងព្រះវិហារនោះ គឺជាចម្លាក់ដើមដោយគ្រាន់តែលាបពណ៌ពីលើ។

ទីតាំងនៅលើផែនទី