ប្រាសាទសង់ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១០ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ មានតួប្រាង្គប្រាំខ្វែងគ្នានិងមានប្រាំថ្នាក់ ហើយមានកម្ពស់ ៦៥ម៉ែត្រ និងមានកំពូល ១០៩ ដែលតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមានលក្ខណៈពិសេស ដោយសារតែប្រាង្គទាំង ១០៨មានលក្ខណៈតម្រៀបស្មើៗគ្នាគឺ ១២។ ប្រាង្គទាំងនេះនៅតាមទិសនីមួយៗ យើងអាចមើលតែ ៣៣ប្រាង្គប៉ុណ្ណោះ។ ជណ្ដើរឡើងប្រាសាទមានលក្ខណៈចោតខ្លាំង និងមានចម្លាក់តោឈរអមផ្លូវតាមថ្នាក់ទាំង៥។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ និងមានគោបុរៈ។ ប្រាង្គកណ្ដាលមានចម្លាក់អប្សរានិងសិលាចារឹកនៅមេទ្វារខាងលិចនៃទ្វារខាងជើង ដែលពណ៌នាថា ប្រាសាទភ្នំបាខែងស្ថិតនៅចំកណ្ដាលទីក្រុង យសោធបុរៈ ហើយប្រាសាទនេះក៏មានឈ្មោះដើមថា យសោធរគិរី។ ក្រោយមកគេហៅថា ភ្នំកណ្ដាល ដែលប្រហែលជាការប្រៀបធៀបរវាងភ្នំបូក និងភ្នំក្រោម ហើយភ្នំនេះនៅកណ្ដាលគេ។ បច្ចុប្បន្នគេហៅថាប្រាសាទភ្នំបាខែង ដែលឈ្មោះនេះរកឃើញជាលើកដំបូងនៅក្នុងសិលាចារឹករបស់ប្រាសាទនៅសតវត្សរ៍ទី១៦។ រចនាបថប្រាសាទ គឺបាខែង។ ប្រាសាទនេះជាកន្លែងដែលអាចទាក់ទាញទេសចរយ៉ាងច្រើននៅពេលថ្ងៃលិច។