ប្រាសាទឯកភ្នំឬវត្តឯក ជាស្ថាបត្យកម្មរចនាបថសតវត្សរ៍ទី ១១ កសាងឡើងនៅក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០)។ នៅជុំវិញប្រាសាទមានគូទឹក ដែលសព្វថ្ងៃប្រាសាទនេះត្រូវបាក់បែកជាច្រើនអន្លើដោយមូលហេតុធម្មជាតិនិង ការជីកកកាយរបស់មនុស្ស។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីប្រាសាទនៅមានទ្រង់ទ្រាយល្អខ្លះ គួរឱ្យចង់ទស្សនា។ តាមសិលាចារឹក ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយ ព្រះបាទសុរិយវរ្ម័នទី១ នៅសតវត្សរ៍ទី១១ ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនា។ ប្រាង្គប្រាសាទឯកភ្នំមានរាង ៤ ជ្រុងស្មើ ធ្វើអំពីថ្មភក់ និងថ្មបាយក្រៀម ស្ថិតនៅលើខឿនមួយ មានកម្ពស់ប្រមាណជា ៤ម៉ែត្រ។ ទំនងដោយសារលក្ខណៈបែបនេះហើយ បានជាគេឱ្យឈ្មោះថា ប្រាសាទឯកភ្នំ។ ប្រាសាទមានថែវព័ទ្ធជុំវិញពីទិសខាងកើតទៅលិចប្រវែងប្រមាណជា ២៥ម៉ែត្រ និងពីខាងជើងទៅត្បូងប្រមាណជា ៤៩ម៉ែត្រ។ ក្នុងខេត្តបាត់ដំបងបន្ទាប់ពីប្រាសាទបាណន់ ប្រាសាទនេះត្រូវគេលើកតម្កើងថាជាប្រាសាទភ្នំ ដែលប្រកបដោយបុណ្យបារមីដ៏ឧត្តុង្គឧត្តម។