ប្រាសាទក្អែកពង

ប្រាសាទបុរាណដែលនៅសេសសល់ជារូបរាងក្នុងខែត្រកំពង់ស្ពឺ ស្ថិតនៅចង្កេះ ភ្នំក្អែកពង ស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ។ ប្រាសាទនេះប្រហែល ជាមាន ២ ដោយបច្ចុប្បន្នមួយស្ថិតក្នុងសភាព បាក់បែកជាទម្ងន់ ឯមួយទៀតនៅឃើញសេសសល់តែគ្រឹះប៉ុណ្ណោះ។ ប្រាសាទនេះសាងសង់ពីឥដ្ឋ មានទ្វារ នៅទិសខាងកើត និងទ្វារ បញ្ឆោត ៣ តាមទិសផ្សេងទៀត ដែលអ្នកនៅទីនោះ ហៅប្រាសាទនេះថា «វិហារសៀម»។ ផ្លូវឡើងប្រាសាទមិន មានលក្ខណៈសមស្របទេ ព្រោះមានផ្លូវចោត និងសម្បូរដោយថ្ម។ តំបន់នេះគួរណាស់ត្រូវ បានអភិវឌ្ឍដោយ ធ្វើផ្លូវឡើង និងសម្រួលការចេញចូលរមណីយដ្ឋាន ព្រោះផ្លូវចូលកាត់តាមបន្ទាយ អង្គភាពគ្រឿងផ្ទុះ ដើម្បីទាក់ទាញទេសចរណ៍ ជាពិសេស គួរគិតពីការបំផ្ទុះថ្មភ្នំនៅជិតនោះ ដែលអាច ធ្វើឱ្យរញ្ជួយ ដល់តួប្រាសាទ ផងដែរ។ ប្រាសាទនេះកាលដើមឡើងគេហៅតាមគ្នាថា ព្រះវិហារសៀម ដោយសារមានរឿងព្រេង និទានមួយ អំពីការភ្នាល់គ្នារវាងព្រះមហាក្សត្រខ្មែរ និងស្តេចសៀមការភ្នាល់នោះជាការភ្នាល់ដាក់នគរ ក្នុងការ សង់ប្រាសាទឱ្យហើយក្នុងពេល១ថ្ងៃ ដែលចុងបញ្ចប់ទៅស្តេចសៀមក៏ចាញ់ភ្នាល់ ទើបគេហៅទីកន្លែងនេះថា ព្រះវិហារសៀម។ ពីសម័យមុននៅទីនេះគេមិនសូវហ៊ានចេញចូលទេ ព្រោះសម្បូរទៅដោយពស់ ហើយគេច្រើន ទៅប្រារព្ធពិធីប្រចាំឆ្នាំម្ដងក្កាល ដូចជាបួងសួងសូមទឹកភ្លៀងនិងសុំសេចក្តីសុខជាដើម។ ក្រៅពីនោះ ពីបុរាណ ជាកន្លែងសម្រាប់អ្នកស្រុកខ្ចីសម្ភារៈយកទៅធ្វើបុណ្យ ដូចជា ចានឆ្នាំងជាដើម ប៉ុន្តែ ដោយអ្នកស្រុកច្រើន សងពុំ គ្រប់ចំនួន ទើបខ្ចីលែងបាននៅពេលក្រោយមក។ នៅជើងភ្នំមានស្រះបុរាណមួយ ហើយប្រាសាទទី២ ដែលបាក់បែកនោះ ទំនងជាអាចសាងសង់មុនប្រាសាទធំនេះ តែមិនបានបន្សល់អ្វីច្រើនក្រៅពីឥដ្ឋនោះទេ។ ប្រាសាទក្អែកពងជាប្រភេទប្រាសាទអណ្តែត តែមិនមានលម្អដោយក្បាច់ចម្លាក់នោះទេ ពោលគ្រាន់តែមានជារូបរាង ប៉ុណ្ណោះ ដែលជាអត្តសញ្ញាណកម្មនៃសិល្បៈស្ថាបត្យកម្មសម័យសំបូរព្រៃគុក តែមិនពេញលេញ។ ប្រាសាទនេះ ប្រហែលជាសង់ឡើងក្នុងចុងសតវត្សទី៧ឬដើមសតវត្សទី៨ ក្នុងរាជ្យរបស់ព្រះបាទជយវរ្ម័នទី១ ឧទ្ទិសថ្វាយ ដល់ព្រះឥសូរ។ នៅទីនេះមានសល់បំណែកសិលាចារឹកមួយផ្ទាំងមាន៦បន្ទាត់ ចារជាភាសាសំស្ក្រឹត ប៉ុន្តែរលុបស្ទើតែអស់ទៅហើយ។

ទីតាំងនៅលើផែនទី