ភ្នំព្រះនេះគេតែងហៅតៗគ្នាមកថា «ភ្នំតាព្រះៗ» ដោយសារតែក្នុងរូងភ្នំមានរូបព្រះបដិមាពីបុរាណកាលមក ហើយគេតែងទៅគោរពថ្វាយសក្ការៈបូជា។ ទីនេះគេសន្មតថា ជាកន្លែងមានបារមីនិងជាភ្នំមួយសំបូរទៅដោយរូង ដែលមានប្រមាណជិត ៣០រូង។ ក្នុងនោះរូងសំខាន់ៗ មានរូងព្រះ (បិទបាំងដោយបារមី) រូងតាឥសី រូងក្អមខ្លោច និងរូងបាយសី ជាដើម។ ទីនេះជាទីសក្ការៈបូជាទាំងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាផងដែរ ហើយក៏ ជាតំបន់ទេសភាពព្រៃភ្នំ ធម្មជាតិ មានកម្ពស់ប្រមាណ ២០០ម៉ែត្រ ប្រកបដោយកាំជណ្ដើរបុរាណឡើងទៅកាន់កំពូលភ្នំ។ ទេសភាពទីនេះហ៊ុមព័ទ្ធទៅដោយព្រៃឈើចម្រុះ ទំហំផ្ទៃដីជុំវិញភ្នំ១២០០ ហិកតា ជាព្រៃអភិរក្ស និងជាព្រៃឈើ ហើយសំបូរទៅដោយសត្វព្រៃ។