សួនទឹកក្នុងមជ្ឈមណ្ឌលសុភមង្គល មានអាងហែលទឹកមនុស្សធំ អាងហែលទឹកសម្រាប់កុមារ សួនផ្កាដ៏ស្រស់បំព្រងសម្រាប់ជាផ្ទៃក្រោយ ភោជនីយដ្ឋាន និងអាងរំអិលសម្រាប់ក្មេងតូចៗ រហូតដល់ប្រាសាទអង្គរវត្តសង់ពីកង់ឡានចាស់ៗ ហើយជាពិសេសគឺអាងរលកសមុទ្រសិប្បនិម្មិត។ រលកសមុទ្របោករលេញយ៉ាងថ្លាឈ្វេងលើជម្រាលកម្រាលការ៉ូក្រហម លឿង ស សម្រាប់កុមារប្រឡែងលេងជាមួយរលកផលិតចេញពីម៉ាស៊ីន មានជម្រៅជ្រៅបំផុតត្រឹម ១,៨០ ម៉ែត្រ។ សម្រាប់ឪពុកម្ដាយនិងអាណាព្យាបាលដែលគ្មានពេលវេលានាំបុត្រធីតាទៅលេងសមុទ្រផ្ទាល់ សួនទឹកក្នុងក្រុងបាត់ដំបងនេះផ្ដល់នូវសកម្មភាពកម្សាន្តសម្បូរបែប។ ក្រៅពីអាងទឹកចំនួន ៤ សួនផ្កា ភោជនីយដ្ឋាន និងស្រះត្រី សួនទឹកកម្សាន្តនេះកែច្នៃសម្ភារចាស់ៗផលិតជាគ្រឿងលម្អតុបតែងសួនឱ្យកាន់តែទាក់ទាញ និងលើកស្ទួយបរិស្ថានថែមទៀត។ នៅពេលខាងមុខ មជ្ឈមណ្ឌលមានគម្រោងសង់ប្រឡាយវែងសម្រាប់ឱ្យភ្ញៀវជិះទូកកម្សាន្ត ដើម្បីឱ្យភ្ញៀវមកតែមួយកន្លែង អាចលេងបានគ្រប់មុខ។