ទឹកធ្លាក់ល្បាក់កំរោញ

ល្បាក់ទឹកហូរធ្លាក់លើថ្មដែលផុសចេញពីផ្ទៃបាតស្ទឹងពោធិ៍សាត់នារដូវវស្សា។ ប្រវត្តិរបស់ល្បាក់កំរោញនេះគឺ នៅទីនេះកាលពីដើមឡើយមានផ្ទាំងថ្មមួយធំប្រៀបបានដូចជាជញ្ជាំង ដែលរាំងកាត់ស្ទឹងបង្កើតបានទៅជាល្បាក់ទឹកហូរធ្លាក់យ៉ាងខ្លាំងបណ្ដាលឱ្យជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់សូម្បីតែហ្វូងមច្ឆជាតិគ្រប់ប្រភេទក៏កម្រនឹងហែលឆ្លងផុតពីល្បាក់ទឹកនេះណាស់។ អ្នកស្រុកភូមិទីនេះនាំគ្នាហៅថា «ល្បាក់កម្រទៅរួច»គឺគ្រប់អ្នកដំណើរកម្រនឹងឆ្លងផុតល្បាក់ទឹកនេះណាស់ ទើបយារក្លាយមកជា ល្បាក់កំរោញ។ ដោយសារហេតុផលនេះហើយគេក៏យកកន្លែងនេះធ្វើជាកន្លែងចំណតរង់ចាំអ្នកឡើងពីក្រោម និងអ្នកចុះពីលើដើម្បីលក់អីវ៉ាន់ឬដោះដូរអីវ៉ាន់គ្នាទៅវិញទៅមក។ កាលដើមល្បាក់កំរោញនេះសំបូរមច្ឆាណាស់ព្រោះវាមិនអាចហែលឆ្លងកាត់រួច ទើបអ្នកស្រុកនៅម្ដុំនោះតែងតែទៅចាប់យកមកធ្វើជាប្រហុក ផ្អក ងៀត និងឆ្អើរសម្រាប់លក់ដូរបានទៀតផង។ ឈ្មួញរកស៊ីកាប់ព្រៃឈើបានមកធ្វើសកម្មភាពនៅទីនោះ រួចគេបានបង្អូសឈើជាក្បួនបានជួបការលំបាកនឹងផ្ទាំងថ្មល្បាក់ទឹកនោះ ទើបពួកគេបានដាក់មីនបំផ្លាញចោលផ្ទាំងថ្មដ៏ធំនោះ ដែលមកដល់ពេលនេះនៅសល់តែបំណែកបាក់បែកតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏បច្ចុប្បន្នល្បាក់កំរោញនៅតែមានទេសភាពដ៏ស្រស់ស្អាត គង្គាថ្លាឆ្លុះដល់បាតស្ទឹង ទឹកហូរធ្លាក់ជាដំណាក់ៗខួបប្រាំងវស្សាសម្រាប់ភ្ញៀវទេសចរងូតកម្សាន្តដដែល។

ទីតាំងនៅលើផែនទី