នៅក្នុងការរៀបរាប់របស់រឿងព្រេងដែលនិទានអំពី “ភ្នំសន្ទុក" ក៏មានរំលេចនូវឈ្មោះគុកវាំង ដែរ។ គុកវាំង សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត ហើយជញ្ជាំងផ្សេងទៀតគេលម្អជាទ្វារបញ្ឆោត។ ទ្វារនីមួយៗ គេរៀបឥដ្ឋដូចជាបន្ទះត្រង់នៅចំកណ្ដាល ហើយអមដោយសសរផ្អោបនិងហោជាងនៅខាងលើ។ ហោជាងនៅទិសខាងកើត នៅកណ្ដាលមានលម្អ ដោយក្បាច់រាងដូចជាកូនវិមានអណ្ដែត ហើយ មានចម្លាក់កូនបង្អួចឬគូឌុ ដែលមើលទៅក្នុងទម្រង់ សិល្បៈរចនាបថកំពង់ព្រះ នាស.វ.ទី៨។ ដូច្នេះ គុកវាំង ទំនងសាងសង់ឡើងនៅស.វ.ទី៨ ក្នុងរចនាបថកំពង់ព្រះ ហើយសាងបន្ថែមនៅស.វ.ទី១០ ក្នុងរចនាបថកោះកេរ ប្រហែលរាជ្យព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨-៩៤១) ហើយចំណែកផ្តែរទ្វារវិញ គឺជាផ្តែរទ្វារចាស់នៅស.វ.ទី៩ គេយកមក កាត់ដាក់នៅលើប្រាសាទក្នុងស.វ.ទី១០។