ទឹកជ្រោះក្បាលស្ពាន

កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០មួយទៀត ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុងទឹកស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សរ៍ទី១១ ដល់ទី១៣ បានស្ថាបនាក្នុងរជ្ជកាលព្រះបាទសុរិយ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយព្រះបាទឧទិត្យាវរ្ម័នទី២។ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាងទៀតត្រូវយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់មិនអស់ ដែលស្នងព្រះឥសូរនៅតាមបាតស្ទឹងចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្ម ធម្មជាតិ ចុះរហូតដល់ទឹកធ្លាក់។ ដូចេ្នះហើយបានជាសិលាចារឹកសំស្រ្កិតហៅទីនេះថា សហស្រលិង្គ ដែលជួនកាលក៏មានឆ្លាក់យោនីជាបល្ល័ង្កភ្ជាប់ជាមួយផងដែរ។ ចម្លាក់ទាំងនេះរាយនៅបាតស្ទឹង ប្រវែងប្រមាណ២០០ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ឆាំងខ្លះៗផង។ ក្រៅពីនេះចម្លាក់នៅច្រើនកនែ្លងមានរូបព្រះនារាយណ៍ផ្ទុំកណ្ដាលមហាសមុទ្រនាអន្តរកប្ប ព្រះព្រហ្មផុ ចេញពីផ្ចិតព្រះនារាយណ៍តាមផ្កាឈូកមួយទងដើម្បីបង្កើតលោកថ្មី។ ទឹកដែលហូរកាត់ព្រមទាំងទទួលមន្តពីចម្លាក់អស់ទាំងនេះឯងដែលបង្កើតជាស្ទឹងឫស្សី បែកចេញជាស្ទឹងពួកនិងស្ទឹងសៀមរាប។ ទីនេះមានសិលាចារឹកលេខ K.១០១១, K.១០១២, K.១០១៥ និង K.១០១៦។

ទីតាំងនៅលើផែនទី