អដ្ឋិធាតុ ដែលបានគាស់ចេញពីទីតាំងសម្លាប់កូនត្នោត វាលតារាងបាល់ និងខាងលិចសាលារៀនភូមិរំលេច ត្រូវនាំយកមកដាក់តម្កល់នៅក្នុងបរិវេណវត្តនេះ ដើម្បីទុកធ្វើជាទីសម្រាប់គោរពវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ និងជាកន្លែងរំឭកទិវាថ្ងៃ២០ ឧសភា។ កាលពីឆ្នាំ១៩៧៩ ប្រជាជន និងរដ្ឋអំណាចមូលដ្ឋានបាននាំគ្នាជីកកកាយរណ្ដៅសាកសពរួមនៅតាមទីតាំងខាងលើ ហើយបង្កើតបានជាមន្ទីរបូជនីយដ្ឋាននេះ ប៉ុន្តែតាមសង្ឃដីការរបស់ ព្រះសង្ឃគង់នៅក្នុងវត្តរំលេចបានឱ្យដឹងថា អដ្ឋិធាតុដែលតម្កល់ទាំងប៉ុន្មាន ត្រូវតាជី និង យាយជីប្រមូលកប់ដីអស់ខ្លះហើយ។