ប្រាសាទចិនស្រម

ប្រាសាទចិនស្រមកសាងឡើងនៅចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលស្តេចបីអង្គគឺព្រះបាទជ័យវរ្ម័នទី៤ក្នុងរចនាបថកោះកេរ ព្រះបាទរាជេន្ទ្រវរ្ម័នក្នុងរចនាបថប្រែរូប និងព្រះបាទជ័យវរ្ម័នទី៥ ក្នុងរចនាបថបន្ទាយស្រី។ បន្ទាយចិនស្រមឬអ្នកស្រុកហៅថា «ប្រាសាទភូមិព្រៃវែង» មានកំពែង ៣ ជាន់ ធ្វើពីថ្មបាយក្រៀម កម្ពស់ ២,៥០ ម៉ែត្រ និង ២,២០ ម៉ែត្រ។ ចំណែកកំពែងទី៣ជាកំពែងដីទំហំ ១០០០x៦០០ ម៉ែត្រ។ ស្រះធំពីរជាបារាយណ៍នៅចម្ងាយជាង ៣០០ ម៉ែត្រពីប្រាសាទ។ ប្រាសាទនេះកសាងអំពីឥដ្ឋមានប្រាង្គប្រាំបែរមុខទៅទិសខាងកើតសង់នៅលើខឿនថ្មបាយក្រៀម មានបីថ្នាក់។ ប្រាសាទមានហោត្រៃចំនួនពីរសង់អំពីឥដ្ឋនិងសំណង់បន្ទប់រាងចតុកោណកែងចំនួនប្រាំបីសាងសង់អំពីថ្មភក់និងថ្មបាយក្រៀម ព្រមទាំងមានគោបុរៈចំនួនពីរនៅទិសខាងកើតនិងខាងលិច។ នៅជុំវិញប្រាង្គកណ្តាលមានប្រាង្គតូចៗចំនួនបួនសង់នៅលើជ្រុងខឿននីមួយៗនៃជាន់ទី២។ ហោត្រៃទាំងពីរសាងសង់អំពីឥដ្ឋបែរមុខមកទិសខាងលិចនិងសំណង់បន្ទប់រាងចតុកោណកែងបានបាក់រលំអស់ភាគច្រើន។ គោបុរៈខាងកើត និងខាងលិចកសាងឡើងវិញអំពីថ្មភក់នៅក្នុងសរវត្សរ៍ទី១១ ដំណាល់គ្នានឹងតួប៉មកណ្តាលដោយមានយកផ្តែរសតវត្សរ៍ទី១០មកប្រើប្រាស់ឡើងវិញ។

ទីតាំងនៅលើផែនទី