ក្រុងប៉ៃលិន

ខេត្តប៉ៃលិនព័ទ្ធជុំវិញដោយខេត្តបាត់ដំបងត្រូវបានផ្ដាច់ចេញពីខេត្តបាត់ដំបងឱ្យក្លាយជាតំបន់រដ្ឋបាលដាច់ដោយឡែក បន្ទាប់ពីការចុះចូលរបស់ក្រុមខ្មែរក្រហមនៅឆ្នាំ ១៩៩៦។ ប៉ៃលិនត្រូវបានពិភពលោកស្គាល់ថា ជាតំបន់ដែលសំបូរដោយត្បូងពេជ្រមានតម្លៃ ហើយក៏ជាជម្រកចុងក្រោយនៃពួកខ្មែរក្រហមបន្ទាប់ពីបានចាញ់សង្គ្រាម នៅឆ្នាំ ១៩៧៩ និងធ្លាប់បានដើរតួជារដ្ឋធានីនៃរដ្ឋាភិបាលត្រីភាគីផងដែរ។ តំបន់នេះធ្លាប់ជាតំបន់ប្រយុទ្ធប្រទាញប្រទង់គ្នាអស់រយៈកាលដ៏យូរនៃសង្គ្រាមស៊ីវិល ទាំងក្នុងសម័យសាធារណរដ្ឋរបស់លន់នល់ និងបន្តរហូតដល់សម័យក្រោយសន្ធិសញ្ញាក្រុងប៉ារីសផងដែរ។ ខេត្តត្រូវបានបង្កើត ក្នុងឆ្នាំ ២០០៨ ដោយព្រះបាទនរោត្តម សីហមុនី ដែលមានស្រុកមួយគឺស្រុកសាលាក្រៅ និងក្រុងមួយ គឺក្រុងប៉ៃលិន។ ថ្វីត្បិតតែរ៉ែត្បូងពេជ្រត្រូវបានបាត់បង់អស់ ក៏ប្រជាជននៅទីនោះភាគច្រើនប្រកបរបរកសិកម្ម ដោយដាំដំណាំឧស្សាហកម្មជាច្រើន ប្រភេទដូចជា ពោត ដំឡូង ហើយនាំចេញទៅលក់នៅប្រទេសថៃ។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន ជាផ្លែឈើមួយប្រភេទស្រដៀងនឹងមៀន តែមិនផ្អែមដូចមៀនទេ ហើយវាមានសាច់ច្រើនជាង ដែលដុះល្អនៅតំបន់ប៉ៃលិន។ ប្រវត្តិនៃឈ្មោះខេត្ត គឺក្លាយមកពីពាក្យ "ភេលេង" ដែលសរសេរជាភាសាឡាតាំង ព្រោះមាននិទានថា មានអ្នកប្រមាញ់ដេញតាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់តំបន់ប៉ៃលិនសព្វថៃ្ងនេះដែលនៅជាព្រៃស្រោងនៅឡើយ ក៏ប្រទះឃើញសត្វភេកំពុងហែលទឹក ដល់ពេលចូលទៅមើលត្រង់កនែ្លងនោះ បានឃើញដុំត្បូងថ្មធម្មជាតិដែលមានតម្លៃ។ ប្រជាពលរដ្ឋក្នុងខេត្ត មានជាង ៧០ពាន់នាក់ និងដង់ស៊ីតេ ៨៩នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ និមិត្តសញ្ញានៃខេត្តមានរូប យាយយ៉ាត ត្បូងទទឹម លើផ្ទៃខាងក្រោយមានអ្នករបាំក្ងោកនិងភ្នំ។

ទីតាំងនៅលើផែនទី