ប្រាសាទព្រះខ័នកំពង់ស្វាយមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ តែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទព្រះខ័នកំពង់ស្វាយមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទសូរ្យវរ្ម័នទី១ លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១ និងមានបន្ថែមរចនាបថមុខ៤ខ្លះ ដោយព្រះបាទជ័យវរ្ម័នទី៧មុនពេលឡើងគ្រងរាជនៅអង្គរ។ ព្រះអង្គបានកសាងប្រាសាទនេះដើម្បីតំកល់អដ្ឋិធាតុញាតិវង្សនិងព្រះបរមគ្រូរបស់ព្រះអង្គ។ ដោយប្រាសាទព្រះខ័នកំពង់ស្វាយសំខាន់ជាងគេ ទើបគេហៅថាក្រុមប្រាសាទនៅតំបន់នេះថា ព្រះខ័នកំពង់ស្វាយ។ គួរកត់សម្កាល់ថា ប្រាសាទនេះមិនបែរចំទិសធំទេ គឺបែរទៅទិសឦសាន។ ព្រះបាទជ័យវរ្ម័នទី៧ សង់ប្រាសាទព្រះខ័នកំពង់ស្វាយរំលឹកដល់ជ័យជម្នះលើទ័ពចម្ប៉ា ហើយម៉្យាងទៀត ប្រាសាទនេះស្ថិតនៅជាប់តំបន់រ៉ែដែកដែលអាចស្លធ្វើជាឧបករណ៍សឹក សម្រាប់កងទ័ពកាលសម័យអតីតកាល។ តាមការស្រាវជ្រាវប្រវត្តិសាស្ត្រ ព្រះបាទជ័យវរ្ម័នទី៧ បានជ្រើសយកភូមិសាស្ត្រតំបន់នេះធ្វើជាកន្លែងហ្វឹកហាត់កងទ័ពអស់រយៈពេលជាង ៤ឆ្នាំ គឺចាប់ពីឆ្នាំ ១១៧៧ ដល់ឆ្នាំ១១៨១ មុនពេលព្រះអង្គចេញទ័ពច្បាំងដេញទ័ពចម្ប៉ាចូលឈ្លានពានទីក្រុងអង្គរដោយជ័យជម្នះ។ ក្រោយពីព្រះអង្គទទួលជ័យជំនះ ព្រះបាទជ័យវរ្ម័នទី៧ បានរៀបចំកសាងប្រាសាទនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាស្ពានបុរាណនានាតាមបណ្ដោយផ្លូវទៅតំបន់ព្រះខ័នកំពង់ស្វាយផងដែរ។