ប្រាសាទអំបែងនំ

ប្រាសាទអំបែងនំ ស្ថិតក្នុងទីតាំងសម្បូណ៌ដោយប្រាសាទបុរាណជាច្រើនកន្លែងគ្រាន់តែប្រាសាទភាគច្រើនបានបែកបាក់អស់។ អ្នកស្រុកប្រាប់ថាឈ្មោះនេះមាននិទានដូចរឿង សេដ្ឋីខ្វះអំបែង គឺរឿងព្រេង «ដឹងសងដឹង អំបែងសងអំបែង» ដែរ។ ចំណែកអ្នកភូមិខ្លះរស់នៅក្បែរៗប្រាសាទរៀបរាប់ថា “កាលពីមុនមកគេនៅប្រាសាទនេះ គេអាចមកខ្ចីឆ្នាំងចានយកទៅធ្វើបុណ្យបាន។ លុះក្រោយមកដោយសារអ្នកខ្ចី មានចិត្តមិនស្មោះទើបនៅសល់តែអំបែងចាននិងឆ្នាំង ទើបប្រាសាទនេះមានឈ្មោះថា ប្រាសាទអំបែង។ មួយវិញទៀត ការសង្កេតថ្មបញ្ចុះនៅទីនោះ ឃើញមានចោះរន្ធជុំវិញក្នុងនិម្មិតរូបនៃទេពក្នុងព្រហ្មញ្ញសាសនា តែអ្នកស្រុកមិនស្គាល់ក៏អាចហៅថ្មនោះថា “អំបែង" ក៏ថាបានដែរ។ ប្រាសាទអំបែងនំកសាងឡើងអំពីឥដ្ឋ មានប្រាង្គបីរត់ជួរគ្នាពីជើងទៅត្បូង បែរមុខទៅទិសខាងកើតសង់នៅលើខឿនថ្មបាយក្រៀមខ្ពស់ផុតពីដី មានគូទឹកទឹកព័ទ្ធជុំវិញ ផ្លូវចូលពីទិស ខាងកើត និងមានស្រះចំនួនពីរនៅខាងជើង។ ប្រាង្គកណ្ដាលនៅមានរូបរាងល្អច្រើន តែប្រាង្គពីរទៀតនៅអមសងខាងបានបាក់បែកផ្នែកដំបូលនៅសល់ត្រឹមតែកំណាត់ដំបូលចុះមកក្រោម។ ប្រាង្គទាំងបីនេះ មានទ្វារចូលពីទិសខាងកើត ហើយទិសទាំងបីផ្សេងទៀតលម្អដោយទ្វារបញ្ឆោត។ ក្បាច់លម្អស្ថាបត្យកម្មដែលធ្វើអំពីថ្មភក់នៅប្រាសាទនេះ ពុំសូវមាននៅសល់ច្រើនដូចប្រាសាទផ្សេងៗទេ។ នៅប្រាសាទ អំបែងនំ គេធ្លាប់រកឃើញគោលចារឹកមួយផ្ទាំងដែលបាក់បែកជាពីរកំណាត់ហើយក្រោយមកត្រូវបានតភ្ជាប់គ្នាវិញនិងរក្សាទុកនៅសារមន្ទីរ ខេត្តកំពង់ធំ។ ជារួមមក បើយើងពិនិត្យទៅលើស្ថាបត្យកម្មប្រាសាទ និងសិលាចារឹក គឺមិនស៊ីគ្នានោះទេ ហើយ អាចមានន័យថា ប្រាសាទអំបែងនំ កសាងឡើងនៅស.វ.ទី១០ ចុងរចនាបថប្រែរូប ក្នុងរាជ្យ ព្រះបាទរាជេន្រ្ទវរ្ម័ន(គ.ស.៩៤៤-៩៦៧) ហើយសិលាចារឹកវិញជាគោលចារឹកដែលគេយកមកតម្កល់នៅសម័យក្រោយគឺដើមស.វ.ទី១១ក្នុងរជ្ជកាលព្រះបាទជ័យវីរវរ្ម័ន (គ.ស.១០០១-១០០៦ ឬ១០១០)។

ទីតាំងនៅលើផែនទី