វត្តមានឈ្មោះដើមថា សុរិយាវង្ស សាងសង់ឡើងក្នុងឆ្នាំ ១៦៦៤ (ព.ស ១២២៤) ។ វត្តនេះជាអារាមព្រះពុទ្ធសាសនាមួយ ដែលបានសាងសង់ឡើងនៅលើទីតាំងប្រាសាទចាស់ក្នុងកំឡុងស.វ.ទី៧ សព្វថ្ងៃនៅមានសេសសល់បុរាណវត្ថុមួយចំនួនផងដែរ។ វត្តនេះជាប្រភពសិលាចារឹកលេខ K49 (បាត់) និង K50 (នៅសារមន្ទីរជាតិក្រុងភ្នំពេញ)។ យោងតាមសិលាចារឹក ទាំងពីរដែលចុះកាលបរិច្ឆេទឆ្នាំ៥៨៦ និង ៥៩០ ម.ស ពណ៌នាពីអំភិក្ខុសង្ឃ២អង្គ ជារាជត្រកូលបងប្អូនបង្កើតនិងគ្នា គឺ ភិក្ខុរតនៈភាណុ និង ភិក្ខុរតនៈសិង្ហ ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី១ នៅក្នុងទីក្រុងនរវរនគរ ដែលសាងព្រះផ្នួសនៅទីនេះ។ ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ វត្តត្រូវបានខ្មែរក្រហមបំផ្លិចបំផ្លាញ ហើយបច្ចុប្បន្នវត្តមានទីសេនាសនៈដ៏វិចិត្រ និងក្លាយជាវត្តទេសចរណ៍។