ប្រាសាទស្នឹងខាងកើត

ប្រាសាទស្នឹងខាងកើតកសាងអំពីឥដ្ឋប្រកបដោយចម្លាក់ផ្ដែរធ្វើពីថ្មភក់ នៅលើទួលមួយប្រវែង៣០x២០ម៉ែត្រ។ តាមការសង្កេតមើល ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្ដាប្រាសាទកសាងក្នុងសតរត្សទី១២ដែរ។ ប្រាសាទស្នឹងខាងកើត មានប្រាង្គ ៣ សង់ពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមមួយ។ នៅប្រាង្គកណ្ដាលមានផ្ដែរឆ្លាក់រូប ព្រះឥន្ទគង់លើដំរីក្បាលបីឯរាវ័ណ ឯប្រាង្គពីរផ្សេងទៀតមានផ្ដែរដែរ តែពុំឃើញមានចម្លាក់អ្វីនោះទេ។ នៅមុខប្រាង្គ ជើង-ត្បូង មានស៊ុមទ្វារធ្វើពីថ្មភក់ ប្រហែលជាស៊ុមទ្វារនៃយ៉ដែលតភ្ជាប់ពីប្រាង្គទាំង ២ នេះ ក៏ប៉ុន្តែបាក់បែកអស់ហើយគ្រាន់តែនៅសល់ស្លាកស្នាមខ្លះៗ ល្មមឱ្យអាចសម្គាល់បាន។ នៅខាងមុខប្រាសាទ មានស្រះទឹកធំមួយ សន្ធឹងពីជើងទៅត្បូង។ នៅទីប្រាសាទនេះ គេធ្លាប់រកឃើញទេវរូបភេទប្រុសចំនួន ៣ និងព្រះកេសទេវរូបភេទប្រុសមួយមានពាក់មកុដ។ ប្រាសាទស្នឹងទាំងពីរ កសាងនៅសតវត្សទី១១ ក្នុងរាជ្យរបស់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ ដល់ ១០៦៦ គ.ស ) ដើម្បីឧទិសដល់ព្រហ្មញ្ញសាសនា។ ព្រះអង្គត្រូវជាបុត្ររបស់ ព្រះបាទសូរ្យវរ្ម័នទី១ ដែលជាព្រះមហាក្សត្រកសាង ប្រាសាទឯកភ្នំ និងប្រាសាទ បាសែត។

ទីតាំងនៅលើផែនទី