ប្រាសាទត្រូវបានសាងសង់ចាប់ពីសតវត្សរ៍ទី១១មក ហើយបន្តជាច្រើនជំនាន់ទើបប្រកបដោយរចនាបថខុសៗគ្នានិងមានលក្ខណៈស្មុគស្មាញ។ ប្រាសាទភ្នំសណ្ដកសាងលើចង្កេះភ្នំសណ្ដកដែលមានរយៈកម្ពស់មិនលើសពី១០០ម៉ែត្រ ពង្រីកទីធ្លាដោយកាត់ថ្មភ្នំនៅតាមចង្កេះភ្នំ។ វត្ថុធាតុសម្រាប់សំណង់មានឥដ្ឋ, ថ្មភក់, និងថ្មបាយក្រៀម។ ប្រាសាទនេះមានប្រាង្គជាច្រើនព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលមានក្លោងទ្វារនៅទិសខាងកើត។ ក្រៅពីកំពែងទាំងពីរក៏មានសំណង់កំពែងលើកំពូលភ្នំនាភាគខាងត្បូង ដែលមានជណ្ដើរឡើងភ្នំសង់ពីថ្មបាយក្រៀម។ ប្រាសាទដ៏ធំមួយនេះមានប្រវែងប្រហែល ២៥០ម៉ែត្រសណ្ដូកពីកើតទៅលិច និងមានគោបុរ:ចំនួនបី ដែលគោបុរ:ទី៣សាងពីថ្មភក់ថ្មបាយក្រៀមលំអដោយហោជាងយ៉ាងច្រើន។ នៅបរិវេណជុំវិញមានប្រាង្គជាបរិវារចំនួនបួនថែមទៀតរួមនិងហោត្រៃពីរនៅសង្ខាង។