វិហារសសរ១០០ មានន័យថា «ប្រាសាទមានសសរ១០០» ដែលវត្តនេះត្រូវបានសាងសង់នៅសម័យព្រះបាទអង្គចន្ទរាជាទី២ ក្នុងសតវត្សទី១៦ ដើម្បីឧទ្ទិសដល់ព្រលឹងព្រះនាងវរភ័ក្ដ្រ ឬក្រពុំឈូក បុត្រីព្រះអង្គ។ ព្រះវិហារសសរ១០០ បែរមុខទៅ ទិសខាងជើង ខុសពីព្រះវិហារដទៃទៀត។ រឿងនិទានបានតំណាលថា ព្រះរាជាក្នុងពេលដែលព្រះរាជបុត្រីប្រឈួន បាននិមន្តព្រះចៅអធិការវត្តនាគសែន ស្រុកព្រែកប្រសព្វមកព្យាបាលជំងឺរបស់ព្រះរាជបុត្រី។ ពេលព្រះចៅអធិការមិននៅ នេនធន់ ជាសិស្សបានលួចរៀនវិជ្ជាមន្តអាគមប្រែក្រឡាខ្លួនទៅជាសត្វក្រពើតែមិនអាចប្រែក្រឡាមកជាមនុស្សវិញបាន។ ក្រោយមកក្រពើនេនធន់តែងតែដឹកគ្រូ ទៅព្យាបាលជំងឺបុត្រីរបស់ស្តេចជារឿយៗ រហូតថ្ងៃមួយមានក្រពើមួយទៀតឈ្មោះសុពណ៌កាឡី ចង់ផ្ចាញ់នេនធន់ ក៏បានបង្អាក់ដំណើរនេនធន់ នៅពេលកំពុងតែដឹកគ្រូមកពីវាំងវិញ។ ក្រពើទាំងពីរក៏បានប្រយុទ្ធគ្នានៅកណ្ដាលទន្លេ ហើយដោយមានការទើសទែង នេនធន់ក៏សម្រេចចិត្តលេបគ្រូចូលក្នុងពោះ។ ក្រោយប្រយុទ្ធគ្នាអស់រយៈពេល៣ថ្ងៃ៣យប់ទើបសុពណ៌កាឡីចាញ់ហើយក្លាយទៅជាភ្នំដែលមានឈ្មោះថា ភ្នំសុពណ៌កាឡី។ ពេលខ្ជាក់គ្រូចេញពីពោះវិញ លោកបានសុគតបាត់ទៅហើយ ទើបនេនធន់សោកស្តាយជាខ្លាំង ទើបចង់សម្លាប់បុត្រីរបស់ស្តេច ដោយគិតថានាងជាដើមហេតុធ្វើឱ្យគ្រូរបស់ខ្លួនស្លាប់។ នេនធន់បានលេបយកបុត្រីរបស់ស្តេចក្នុងពេលដែលនាងចុះលេងនៅកំពង់ទឹក ទើបព្រះចន្ទរាជាបញ្ជាឱ្យគេទៅតាមចាប់បាននេនធន់នៅសំបូរ ហើយវះពោះក្រពើនោះយកបុត្រីមកបញ្ចុះ ដោយបានសាងសង់វត្តសសរ ១០០ ផងដែរ។ នៅពីមុខវិហារសសរ១០០ ស្តេចបានសង់ចេតិយមួយធំ ហើយដើរចាប់ស្ត្រីមានផ្ទៃពោះ២០នាក់មកសម្លាប់យកក្បាលមកធ្វើជាគ្រឹះ និងសាងរូបក្សត្រីក្រពុំឈូកលើចេតិយនោះផង។ ស្បែកក្រពើនេនធន់ត្រូវបានពន្លះ យកទៅឆ្កាងនៅក្បែរចេតិយនោះ ដែលក្រោយមកក្លាយជាទំនៀមចងទង់ក្រពើក្នុងបុណ្យសពផងដែរ។ កាលពីជំនាន់ដើមគ្មានអ្នកណាម្នាក់ហ៊ានដើរកាត់មុខចេតិយនោះទេ ជាពិសេសស្ត្រីមានផ្ទៃពោះ។ រយៈក្រោយមកព្រះវិហារត្រូវរន្ទះបាញ់ឆេះសសរ ២២ ដើម ទើបគេបានស្ថាបនាព្រះវិហារនេះឡើងវិញ ប៉ុន្តែមានសសរតែ ៧៨ដើមទេ។ នៅឆ្នាំ១៩៧៨ ព្រះវិហារត្រូវបានរុះរើសាងសង់ឡើងវិញ ដោយមានសសរ១១៦ដើម។