ប្រាសាទដូនមោង មានទីតាំងស្ទើរតែចំចំណុចកណ្ដាលកំពែងខាងកើតរបស់ក្រុងឦសានបុរ ដែលជាច្រកចេញចូលរវាងក្រុមប្រាសាទសំខាន់ៗនិងក្រុងឆ្លងកាត់តាមអូរគ្រូកែ។ ប្រាសាទនេះជាគូគ្នាជាមួយប្រាសាទបាយដាដែលស្ថិតនៅពាក់កណ្ដាលកំពែងខាងលិចរបស់ក្រុង។ ប្រាសាទដូនមោងមានប្រាង្គសរុបចំនួន ៣ សង់តម្រៀបគ្នាលើអ័ក្សជើង-ត្បូង សាងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ហើយមានកំពែងព័ទ្ធជុំវិញធ្វើអំពីឥដ្ឋនិងថ្មបាយក្រៀម។ នៅខាងក្រៅកំពែង ប្រាសាទដូងមោង មានទួលប្រាសាទឥដ្ឋ និងថ្មបាយក្រៀមជាច្រើនទៀត។ ក្នុងចំណោមប្រាង្គទាំងបីនេះ មានតែប្រាង្គកណ្ដាលមួយប៉ុណ្ណោះ ដែលនៅសល់រូបរាងច្រើន។ ចំណែកប្រាង្គខាងត្បូងបាក់ទាំងស្រុង ឯប្រាង្គខាងជើងបាក់បែកនៅសល់តែស៊ុមទ្វារថ្មភក់ ដែលមានសិលាចារឹកមួយបន្ទាត់។ ប្រាង្គកណ្ដាលបែរមុខទៅទិសខាងកើត មានបន្ទប់សក្ការបូជាខាងក្នុង លយចេញបន្តិចមកច្រកខាងកើត និងខាងជើងមានទបង្ហូរទឹកចេញមកក្រៅ ហៅថា “សោមសូត្រ"។ ប្រាសាទដូនមោង មានលក្ខណៈជាសិល្បៈរចនាបថព្រៃក្មេង នាស.វ.ទី៧ ក្នុងរជ្ជកាលព្រះ បាទភវវរ្ម័នទី២ ឬព្រះបាទជ័យវរ្ម័នទី១។