ប្រាសាទបន្ទាយសំរ៉ែ

ប្រាសាទកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ មានរចនាបថអង្គរវត្ត ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍។ ពាក្យបន្ទាយសំរ៉ែនេះគឺ បន្ទាយជាទីមានកំពែងព័ទ្ធជុំវិញ ចំណែក សំរ៉ែគឺជនជាតិភាគតិចមួយពួកនៅក្នុងកម្ពុជរដ្ឋ ដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរ៉ែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្តេចនិងអ្នកបម្រើដែលជាជនជាតិសំរ៉ែរស់នៅទីកន្លែងនេះ។ ប្រវត្តិពិតគឺថានៅម្ដុំភូមិព្រះដាក់នេះកាលដើមឡើយ មានជនជាតិសំរ៉ែ រស់នៅពិតមែន ហើយក៏មានសំរ៉ែនៅភ្នំក្រវាញបាននិយាយថាមានបងប្អូននៅអង្គរទៀត។ ប្រាសាទបន្ទាយសំរ៉ែមានរាងការ៉េនិងមានកំពែងសង់ពីថ្មបាយក្រៀមដែលមានគោបុរៈបួន។ ប្រាសាទនេះមានប្រាង្គកណ្ដាល មានស្លាបបួននិងមានហោត្រៃនៅសងខាង។ ជាប្រាសាទធំនិងរាបស្មើដែលបង្ហាញរចនាបថច្បាស់ដូចគ្នានឹងរចនាបថអង្គរវត្តទាំងស្ថាបត្យកម្ម និងសិល្បៈ។ ប្រាសាទទទួលបានការជួសជុលជាច្រើនដងក្នុងសតវត្សរ៍នេះ។ បន្ទាយសំរ៉ែបានចាប់កសាងប្រហាក់ប្រហែលគ្នាអង្គរវត្តដែរ ពោលគឺនៅពាក់កណ្ដាលសតវត្សរ៍ទី១២។ រចនាបថនៃប្រាង្គនិងបង្កាន់ដៃបង្ហាញនូវភាពដូចគ្នាយ៉ាងខ្លាំងទៅនឹងប្រាង្គរបស់ប្រាសាទអង្គរវត្តនិងប្រាសាទភិម័យនៅប្រទេសថៃ។ ចម្លាក់ជាច្រើនក្នុងប្រាសាទនេះ ស្ថិតក្នុងសភាពល្អបំផុត។

ទីតាំងនៅលើផែនទី