ប្រាសាទអង្គរវត្តកសាងឡើងឧទ្ទិសថ្វាយព្រះវិស្ណុ ព្រះបាទសុរ្យវរ្ម័នទី២ ក្នុងព្រហ្មញ្ញសាសនា ។ ប្រាសាទបែរមុខទៅទិសខាងលិចមានលក្ខណៈល្អវិចិត្រ និង បង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល។ ប្រាង្គកណ្ដាលតំណាងឱ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្ដាលពិភពលោក។ ប្រាង្គទាំងប្រាំតំណាងឱ្យកំពូលភ្នំព្រះសុមេរុដែលជាជាយដែនដី និង គូទឹកជុំវិញ គឺជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្ត មានឈ្មោះដើមថា "បរមវិស្ណុលោក"។ ប្រាសាទអង្គរវត្ត មានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ ហិចតា រាងជាចតុកោណមានកំពែងព័ទ្ធជុំវិញនិងគូទឹកដែលមានទទឹង២០០ម៉ែត្រ។ ផ្លូវចូលពីខាងលិចធ្វើអំពីថ្មភក់មានប្រវែង ២៥០x១២ ម៉ែត្រ។ ប្រាសាទមានចម្លាក់តាមថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅជាន់ទី១ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការ៉េ។ ចម្លាក់លើថែវនោះរួមមាន៖ ថែវខាងលិចត្បូង បង្ហាញពីចម្បាំងរបស់គូរុសាត្រារឿងមហាភារតៈ។ ថែវខាងលិចជើងបង្ហាញពីឈុតឆាកនៃរឿងរាមកេរិ៍្ត។ ថែវខាងត្បូងលិចបង្ហាញពីព្យុហយាត្រារបស់ព្រះបាទសុរ្យវ័រ្មនទី២។ ថែវខាងត្បូងកើតបង្ហាញពីរឿងឋានសួគ៌និងឋាននរក។ ថែវខាងកើតត្បូងបង្ហាញពីរឿងកូរសមុទ្រទឹកដោះ។ ថែវខាងកើតជាប់ផ្លូវចូលជាសិលាចារឹក។ ថែវខាងកើតជើងបង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុលើពួកអសុរៈ។ ថែវខាងជើងកើតបង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈនិងបាណ្ឍៈ។ ថែវខាងជើងលិចបង្ហាញពីចម្បាំង រវាងទេពតានិងពួកអសុរៈ។ ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ តាមការប៉ាន់ប្រមាណ ការកសាងប្រាសាទនេះប្រើកម្លាំងពលកម្មប្រមាណជាង៣០ម៉ឺននាក់ ដំរីជាង៦ពាន់ក្បាល និងប្រើប្រាស់ថ្មប្រមាណជាង១០លានតោន។ គូទឹកព័ទ្ធជុំវិញមានបណ្តោយប្រវែង១៥០០x១៣០០ម៉ែត្រ។