ប្រាសាទភ្នំកូនខ្លែង

ប្រាសាទស្ថិតនៅលើកំពូលភ្នំកម្ពស់ប្រមាណ ៥០ម៉ែត្រមួយនេះ សង់ពីឥដ្ឋមានប្រាង្គបួន ដែលមួយក្នុងចំណោមនេះគួរតែជាហោត្រៃ តែសព្វថ្ងៃបានបាក់បែកអស់។ ប្រាង្គបីមានទ្វារបញ្ឆោតពីទិសទាំងបី ហើយមានទ្វារចូលពីកើតមានស៊ុមទ្វារធ្វើពីថ្មភក់ មានកំពែងថ្មបាយក្រៀម ប្រកបដោយខ្លោងទ្វារកំពែងថ្មភក់ និងមានស្រះមួយនៅជើងភ្នំ។ ប្រាង្គមួយនៅសេសសល់ មានទំហំប្រមាណ ៤ម៉ែត្របួនជ្រុង មានគ្រឿងលំអធ្វើពីថ្មភក់។ ប្រាង្គទាំងបួន សង់រត់តាមអ័ក្ស ជើងត្បូង លើខឿនរាងទាបបន្តិច។ ចំណែកកំពែងមានខ្លោងទ្វារចូលខាងកើតដោយមានជណ្ដើរឡើង។ តាមរយៈក្បាច់លម្អផ្សេងៗ គេអាចសន្និដ្ឋានថា ប្រាសាទនេះប្រហែលសាងឡើងនៅសតវត្សទី១០ និងអាចសង់បន្ថែមនៅសតវត្សទី១១ ក្នុងសម័យអង្គរ ស្ថិតក្នុងរចនាបថប្រែរូប និងបាពួន បូជាដល់អាទិទេពនៃព្រាហ្មញ្ញសាសនា ។ការរៀបចំប្លង់ប្រាសាទនេះហាក់បីដូចមានពីរដំណាក់កាលផ្សេងគ្នា។ ប្រាសាទនេះនៅមិនទាន់មានការស្រាវជ្រាវលំអិតនៅឡើយ។ ទីតាំងនេះមានភាពល្បីល្បាញមួយទៀត ថាជាទីតាំងក្នុងសម័យសង្គ្រាមស៊ីវិល ដែលកាន់កាប់ដោយពួកខ្មែរក្រហម ហើយបានដាក់តាំងកាំភ្លើងធុនធ្ងន់សម្រាប់បាញ់តទល់។

ទីតាំងនៅលើផែនទី