ប្រាសាទចៅស្រីវិបុល, ប្រាសាទយសកេរ្តិ៍

ប្រាសាទសង់នៅចុងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ មានរចនាបថឃ្លាំង។ ប្រាសាទចៅស្រីវិបុលមានសភាពទ្រុឌទ្រោមនិងទទួលរងនូវការបាក់បែកស្ទើរតែទាំងស្រុង។ កាលពីសម័យមុន ប្រាសាទនេះមានបារមីខ្ពស់បំផុតដោយសារតែមានព្រះកម្ចាយមួយព្រះអង្គនៅទីនោះ ប៉ុន្តែក្រោយមកត្រូវបានពួកប៉ុលពតសែងទៅបោះចោលនៅទីព្រៃក្បែរនោះ។ ពីសម័យមុននៅរៀងរាល់ថ្ងៃសីល គេតែងតែឮសំឡេងពិណពាទ្យចេញពីលើកំពូលភ្នំប៉ុន្តែបច្ចុប្បន្ននេះជួនកាលឮជួនកាលអត់។ នៅលើផ្ដែរខ្លោងទ្វារខាងលិច មានរូបចម្លាក់មនុស្សប្រុសទ្រមឈូសរាងផ្កាឈូកទើបត្រូវបានគេប្រដូចនឹងរឿងនិទានមួយដែលតំណាលពីស្ដេចមួយអង្គដែលត្រូវគេដណ្ដើមរាជ្យ។ ការភៀសព្រះកាយត្រូវគេតាមទាន់ហើយចាប់ដាក់គុក។ ចំណែកព្រះមហេសីបានទៅលាក់ខ្លួនហើយប្រសូត្របានបុត្រដាក់នាមថា ចៅស្រីវិបុលកេរ្តិ៍។ លុះពេលក្រោយមករាជបុត្រក៏លាម្ដាយទៅរំដោះបិតា ដោយសន្យាមិនឱ្យហួសប្រាំពីរឆ្នាំ។ ពេលរំដោះបានបិតាហើយត្រឡប់មករកមាតាវិញ ព្រះមាតាបានក្ស័យព្រះជន្មហើយ។ រាជបុត្រមានការសោកសង្រេងហើយបានលើកទ្រមឈូសព្រះសពរហូតក្ស័យព្រះជន្មដែរ។ ប្រាសាទនេះមានកំពែងបីជាន់សង់លើភ្នំ ក្នុងនោះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់សង់លើខឿនខ្ពស់មួយ បែរមុខទៅកើតមានយ៉និងមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ អគារហោត្រៃពីរធ្វើពីថ្មភក់បែរទៅខាងលិចនិងមានទ្វារបញ្ឆោតនៅខាងកើត។ ហោត្រៃទាំងនេះមានបង្អួចមានចំរឹងអមនៅមុខខាងជើងនិងខាងត្បូង។ ថែវវែងមួយ មានប្រវែងពីកើតទៅលិច៥០ម៉ែត្រ និងជើងទៅត្បូងមានប្រវែង៣៨ម៉ែត្រ រួមនិងកំពែងនិងខ្លោងទ្វារ។

ទីតាំងនៅលើផែនទី