ប្រាសាទនេះកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គប្រាំធ្វើពីថ្មភក់ សង់ជាពីរជួរបែរមុខទៅកើត មានប្រាង្គបីនៅខាងមុខនិងប្រាង្គពីរទៀតនៅខាងក្រោយ។ ប្រាសាទមានស៊ុមទ្វារធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គទាំងប្រាំបានរលំបាក់បែកអស់ សល់តែពីរដែលនៅសម្គាល់រូបរាងបាន។ គេអាចមើលឃើញសំណល់ហោត្រៃពីរធ្វើពីឥដ្ឋ ដែលមួយស្ថិតនៅឦសាន និងមួយទៀតស្ថិតនៅអាគ្នេយ៍។ ហោត្រៃទាំងពីរបែរមុខទៅលិចតាមស៊ុមទ្វារមួយធ្វើពីថ្មភក់ ប្រកបដោយសសរពេជ្ររាងប្រាំបីជ្រុងដែលមិនទាន់ឆ្លាក់ហើយ។ ប្រាសាទនេះមាន កំពែងធ្វើពីថ្មបាយក្រៀមហើយមានខ្លោងទ្វារមួយធ្វើពីថ្មភក់ និងប្រក់ដោយដំបូលធ្វើពីឥដ្ឋ។ មានស្រះមួយ ស្ថិតនៅខាងកើតចម្ងាយ ១០០ម៉ែត្រ។ ប្រាសាទមានសិលាចារឹកជាច្រើន។