ប្រាសាទសង់ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទត្រីភូវនាទិត្យវរ្ម័ន ឧទ្ទិសដល់កវីដ៏ល្បីល្បាញឈ្មោះ មធូរិន្ទ្រ នេះបើយោងតាមសិលាចារឹក K.១២២២។ ប្រាសាទភ្នំដីឬភ្នំបី ជាប្រាសាទមួយដែលសង់ក្នុងជ្រលងមួយមានប្រាង្គបីធ្វើពីឥដ្ឋសង់លើខឿនថ្មបាយក្រៀម ហើយបែរមុខទៅកើត។ ប្រាង្គទាំងបីមានស៊ុមទ្វារធ្វើពីថ្មភក់ និងមានទ្វារបញ្ឆោតនៅមុខ៣ផ្សេងទៀត។ ហោត្រៃពីរធ្វើពីឥដ្ឋនៅជ្រុងឦសាន និងអាគ្នេយ៍ បែរមុខទៅលិចមានស៊ុមទ្វារធ្វើពីថ្មភក់។ កំពែងមួយធ្វើពីថ្មបាយក្រៀមប្រវែង ៤៥x៤០ ម៉ែត្រ ប្រកបដោយខ្លោងទ្វារនៅខាងកើតធ្វើពីឥដ្ឋមានច្រកចូល៣។ ចម្លាក់ដែលបន្សល់នៅតាមផ្ដែរខ្លះៗក៏មានក្បូរក្បាច់រស់រវើក។