ប្រាសាទបន្ទាយស្ទោង

ឈ្មោះ “បន្ទាយស្ទោង" នេះ អ្នកស្រុកហៅសំដៅលើ ប្រាសាទផង និងសំដៅដល់ឈ្មោះទីតាំងស្ថាននាមជាភូមិនិងឃុំផង។ ប្រាសាទបន្ទាយស្ទោង សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ មានកំពែងឥដ្ឋព័ទ្ធជុំវិញ ហើយបែរមុខទៅទិសខាងកើត ពោល គឺបែរមុខឆ្ពោះទៅរកស្ទឹងស្ទោងដែលនៅក្បែរប្រាសាទតែម្ដង។ ប្រាសាទនេះ នៅសល់រូបរាងច្រើនគួរសម តែគួរឱ្យសោកស្តាយដែលជញ្ជាំង ទាំងមូលនៃប្រាសាទ មានការបន្ថែមឥដ្ឋថ្មីដោយអ្នកស្រុក ធ្វើឱ្យយើងមាន ភាពពិបាកនិងកំណត់រូបរាងដើមនៃប្រាសាទ។ រីឯផ្នែកដំបូលវិញ គឺមានរលុះឥដ្ឋធ្លាក់មកក្រោមច្រើន។ លោក Lunet De Lajonquière រៀបរាប់ថា នៅច្រកខាងកើតមានផ្តែរទ្វារព្រះឥន្ទ្រគង់លើដំរីក្បាលបី ប៉ុន្តែសព្វថ្ងៃ ផ្តែរទ្វារនេះបានបាត់បង់ទៅហើយ ដែលអ្នកស្រុកជំនួសវិញដោយរូបចម្លាក់ផ្តែរសម័យថ្មីជាព្រះពុទ្ធចូលបរិនិព្វាន។ ក្រៅអំពីប្រាសាទមានវត្ថុសិល្បៈធ្វើអំពីថ្មភក់នៅសម័យបុរាណជាច្រើនដែលគេយកមកទុកនៅរាយប៉ាយមុខប្រាសាទ ដែលវត្ថុទាំងនេះ ទំនងជាគេយកមកពីទួលប្រាសាទបុរាណនៅជុំវិញនេះផងតាំងពីយូរយាមកហើយ ដូចជា ទួលយាយទែត, ទួលវត្តចាស់, ទួលអ្នកតាពុទ្ធិវង្ស, ទួលប្រាសាទដូនប៉េង។ល។ សរុបមក ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា នៅសម័យអង្គរ រវាងស.វ.ទី១០ ពោល គឺ អាចចន្លោះពីរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន (គ.ស. ៩៤៤ - ៩៦៧) ដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.ស.៩៦៨ ដល់ ១០០០)។

ទីតាំងនៅលើផែនទី