ប្រាសាទកសាងឡើងនៅ ក្នុងរជ្ជកាលរបស់ព្រះបាទសុរ្យវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ(ត្រីភូវនមហេសូរ)។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋសង់លើខឿនធ្វើថ្មបាយក្រៀម រត់ជូរជើងត្បូង មានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ទ្វាររបស់ប្រាង្គកណ្តាលមានយ៉ខាងកើតធ្វើពីឥដ្ឋ មានទ្វារបី ខាងកើត ខាងជើងនិងខាងត្បូង។ មេទ្វារទាំងពីរខាងកើតមានចារសិលាចារឹកលេខ K.៧៨២។ ស្នាមហោត្រៃពីរធ្វើពីឥដ្ឋនៅជ្រុងឦសាននិងអាគ្នេយ៍និងមានជញ្ជាំងកំពែងមួយធ្វើពីឥដ្ឋ។ ខ្លោងទ្វារកំពែងមួយធ្វើពីឥដ្ឋនៅខាងកើត មានគូទឹកប្រកបដោយផ្លូវចូលខាងកើតនិងខាងលិច។ ប្រាសាទនេះមានសភាពទ្រុឌទ្រោម បែកបាក់ច្រើននិងរុំព័ទ្ធដោយដើមឈើ។ ក្នុងចំណោមប្រាង្គបី ប្រាង្គកណ្ដាលនៅសល់រូបរាងល្អជាងគេ។ ប្រាសាទនេះពុំមាននិយាយលំអិតនៅក្នុងសៀវភៅរបស់លោក E. Aymonier និង L. de Lajonguière ទេ។ ប្រាសាទនេះនៅមានផ្ដែរល្អមួយដែលមានចម្លាក់ព្រះនារាយណ៍ជិះគ្រុឌ(សព្វថ្ងៃនេះដាក់តាំងនៅសារមន្ទីរជាតិភ្នំពេញ)។ នៅម្ដុំពាយ័ព្យនៃភូមិអង្គរក្រៅ មានប្រាសាទតូចៗជាច្រើនទៀត ដែលទទួលរងភាពទ្រុឌទ្រោមខ្លាំងដោយធម្មជាតិ។