ប្រាសាទនាគព័ន្ធ, ប្រាសាទរាជស្រី

ប្រាសាទនាគព័ន្ទ កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២ ឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ស្ថិតនៅចំកណ្ដាល បារាយណ៍ជ័យតដាក(បារាយណ៍ខាងជើង)។ ស្រះកណ្ដាលនៃប្រាសាទនេះតំណាងឱ្យស្រះ អណាវទេព នៅភ្នំហេមពាន្តដែលស្ថិតនៅខ្ពស់ជាងគេលើផែនដី ផ្ដល់កំណើតដល់ទន្លេទាំងបួនរបស់ផែនដី។ ប្រាសាទនាគព័ន្ធត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម៉ែត្របួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំឱ្យមានជាសញ្ញាលេខបូកជានិមិត្តរូបនៃសញ្ញាមន្ទីពេទ្យ។ មានរូបចម្លាក់ទាំង៤ទិសសម្រាប់ជា តំណាងឱ្យធាតុទាំង៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរីនៅទិសខាងជើង។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុទាំង៤ ចំណែកសត្វលោកដែលមានជំងឺ តែងបាត់បង់នូវធាតុណាមួយ ចំណែកអ្នកជំងឺវិញ គេតម្រូវឱ្យអ្នកជំងឺនោះទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤។ ចម្លាក់សេះថ្មព័ទ្ធដោយមនុស្សជាច្រើនទាក់ទងនឹងរឿងតំណាលថាមានហ្វូងមនុស្សមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ។ យក្ខបានបង្កព្យុះភ្លៀងធ្វើឱ្យសំពៅលិចលង់ ឯនាយសំពៅឈ្មោះ សេមហៈ ក៏បានបន់ស្រន់អស់ទេព្តាឱ្យជួយ។ ដោយបារមីព្រះពោធិសត្វលោកេស្វរៈទ្រង់ក៏ក្លែងជាសេះ បាឡាហៈ ទៅជួយដល់អ្នកលិចលង់សំពៅនោះ ហើយអ្នកទាំងនោះក៏បានតោងជើងនិងកន្ទុយសេះនាំមកដល់ត្រើយបានសុខសាន្តទៅ។

ទីតាំងនៅលើផែនទី