ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទខ្នារ មានតួប្រាង្គជាបំណែកលិង្គស្ថាបនាពីថ្មភក់ផ្ដុំគ្នាបានជាសិវៈលិង្គមួយធំ កម្ពស់៧ម៉ែត្រ តម្កល់លើស្នាទ្រោណីកម្ពស់៥ម៉ែត្រ និងទទឹងប្រហែល៦ម៉ែត្រ។ ប្រាសាទមានទបង្ហូរទឹកទៅផ្នែកខាងជើង ហើយស្ថិតនៅខាងលិចត្រង់ចំអ័ក្សជាមួយត្រពាំងខ្នារប្រហែល១០០ម៉ែត្រ។ ទឹកពិសិដ្ឋដែលធ្វើពិធីហូរពីប្រាសាទខ្នារធ្លាក់ទៅត្រពាំងខ្នារ និងរហាល។ ប្រាសាទនេះមានតួប្រាង្គបើកចំហ (ឬក៏ប្រក់ដោយសំណង់ឈើ) ដែលប្រាសាទខ្នារស្ថាបនាដំណាលគ្នានឹង ប្រាសាទប្រាង្គដែរ គឺរវាងឆ្នាំ៩២៨ គ.ស.។