ប្រាសាទព្រះគោត្រូវបានកសាងឡើងនៅក្នុងសតវត្សទី៦-៧ ក្នុងរាជព្រះបាទជ័យវរ័ន្មទី១ សម្រាប់ឧទ្ទិសចំពោះអាទិទេពក្នុងសាសនាព្រាហ្មណ៍ សង់ពីឥដ្ឋក្រហមនិងថ្មបាយក្រៀម។ នៅពេលច្ចុប្បន្ននេះ គឺនៅសល់តែតួប្រាសាទ ដែលមានបណ្ដោយ ៩x ៨ ម៉ែត្រ និង កម្ពស់៧ ម៉ែត្រ តែប៉ុណ្ណោះ។ ចំណែកផ្នែកដទៃទៀតត្រូវបានរលំដួលបាក់បែកអស់ហើយ។ គេត្រូវឆ្លងកាត់ខ្លោងទ្វារធំពីរ ដែលបានបន្សល់ទុកទ្រង់ទ្រាយខ្លះទៅខាងមុខប្រាសាទ។ ទីនេះមានបដិមារូបគោនន្ទិធំមួយដែលនោះជាហេតុផលនាំឱ្យគេហៅប្រាសាទនេះថា "ប្រាសាទព្រះគោ"។ នៅផ្នែកខាងកើតនៃរូបបដិមាករព្រះគោ ដែលមានវាលទំហំ១០ម៉ែត្រ បួនជ្រុងសម្រាប់លេងវាយខែលដែលជាល្បែងប្រជាប្រិយមួយ។ ល្បែងវាយខែលជាល្បែងរបស់ជនជាតិភាគតិចកួយ ហើយគេតែងលេងរៀងរាល់រដូវចូលឆ្នាំខ្មែរក្នុងពេលរសៀល រយៈពេល ៤ថ្ងៃ និងបីយប់។ ជនជាតិកួយនេះមានរស់នៅ ក្នុងខេត្តស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ។