ប្រាសាទល្បើក នេះតាមឯកសាររបស់សាលាបារាំងចុងបូព៌ាហៅថា ប្រាសាទល្បើកស្មោច។ ប្រាសាទនេះសាងឡើងពីថ្មភក់និងថ្មបាយក្រៀម ហើយផ្នែកខ្លះមានប្រើប្រាស់ឥដ្ឋគួបផ្សំផងដែរ។ ប្រាសាទដែលសាងឡើងនៅលើដីរាបស្មើមាន មានប្រាង្គបីសំខាន់បែរមុខទៅទិសខាងកើត និងបណ្ណាល័យមួយបែរមុខទៅទិសខាងលិច ហើយនៅខាងមុខប្រាសាទនេះចម្ងាយប្រមាណ ១៥០ ម៉ែត្រ មានស្រះទឹកធំមួយ។ ប្រាសាទសង់ពីថ្មភក់នេះមានកំពែងព័ទ្ធជុំវិញ មានលក្ខណៈជាថែវដើរជុំវិញបាន ហើយមានគូទឹកព័ទ្ធពីខាងក្រៅ។ ប្រាង្គនីមួយៗក្នុងចំណោមប្រាង្គទាំងបីមានទ្វារបួន ដែលក្នុងនោះទ្វារពិតបែររកទិសខាងកើត ឯបីទៀតជាទ្វារបញ្ឆោត។ នៅទីនេះគេធ្លាប់ប្រទះឃើញសិលាចារឹកមួយផ្ទាំង មាន ១២ បន្ទាត់។ តាមលក្ខណៈនៃ ប្លង់ និងក្បាច់លម្អខ្លះៗ អាចឱ្យយើងសន្និដ្ឋានបានថា ជាប្រាសាទដែលសាងឡើងក្នុងសម័យអង្គរ ក្នុងអំឡុងដើម និងពាក់កណ្ដាលសតវត្សទី ១១ ក្នុងរាជ្យព្រះបាទសូរ្យវរម្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២។