ប្រាសាទចេកក្បូរមានប្រាង្គបីទន្ទឹមគ្នាសាងនៅលើទីទួលដែលមានទំហំ ៣០x៣០ ម៉ែត្រ មានប្រាង្គបី ធ្វើពីឥដ្ឋរត់ជួរជើង-ត្បូងបែរមុខទៅខាងកើតមានស៊ុមទ្វារធ្វើពីថ្មភក់និងទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត។ ប្រាសាទមានគូទឹកព័ទ្ធជុំវិញនិងផ្លូវចូលពីខាងកើតព្រមទាំងត្រពាំងមួយនៅខាងកើត។ ប្រាសាទចេកក្បូរបច្ចុប្បន្នមានការខូចខាតច្រើន ដែលប្រាង្គកណ្ដាលបានរលុះឥដ្ឋ និង ក្បាច់អស់ជាច្រើន ហើយថែមទាំងមានស្នាមប្រេះនៅចំកណ្ដាលប្រាសាទស្ទើរតែរហែកជាពីរ។ រីឯប្រាសាទអមសងខាងវិញ មួយបានខូចខាតដួលរាបដល់ដី ចំណែកមួយទៀតបានរលុះឥដ្ឋអស់ពាក់កណ្ដាល។ ប្រាសាទកណ្ដាលមានទំហំ ៥ x ៤ ម៉ែត្រ និង កម្ពស់ ១០ ម៉ែត្រ។ ប្រាសាទបានទទួលរងនូវការខូចខាតអស់ជាច្រើនក្នុងសម័យសង្គ្រាមស៊ីវិលនិងការគាស់កកាយរបស់ជនខិលខូចមួយចំនួនដើម្បីស្វែងរកវត្ថុបុរាណមានតម្លៃ។ ប្រាសាទចេកក្បូរត្រូវបានកសាងឡើងអំឡុងសតវត្សរ៍ទី១១ ដែលប្រាសាទនេះសាងឡើងពីឥដ្ឋ ហើយខ្លោងទ្វារធ្វើពីថ្មភក់។