វត្តភ្នំដែលជាឈ្មោះនិងជានិមិត្តរូបនៃរាជធានីភ្នំពេញ ស្ថិតនៅលើកំពូលកូនភ្នំសិប្បនិម្មិតមានកម្ពស់២៧ម៉ែត្រដ៏ល្បីល្បាញមួយ។ រឿងនិទានបានដំណាលថា មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បានទាញគល់គគីដ៏ធំមួយអន្ដែតតាមទន្លេយកមកសង់ផ្ទះ ប៉ុន្តែបានប្រទះឃើញពុទ្ធបដិមាបួនអង្គនៅក្នុងរន្ធឈើនោះ។ គាត់ក៏បានបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់មួយផ្នែកកសាងជាបល្ល័ង្កតូចមួយទុកតម្កល់ពុទ្ធបដិមាទាំងនោះ ដែលក្រោយមកទីនេះបានក្លាយជាទីសក្ការៈបូជា ហើយប្រជាជនចាប់ផ្តើមមកតាំងទីលំនៅជុំវិញកូនភ្នំនោះ។ មិនយូរប៉ុន្មានតំបន់នេះបានក្លាយជារាជធានី ដោយយកឈ្មោះតាមភ្នំ មានន័យថាទីទួល និង ពេញ ជាឈ្មោះរបស់ដូនចាស់ម្នាក់នោះឯង។ ស្ដេចដែលចាប់ផ្ដើមស្ថាបនារាជធានីដំបូងនៅ គឺព្រះបរមរាជា ពញាយ៉ាត បន្ទាប់មកគឺ ព្រះស្រីសុរិយោពណ៌ នៅពេលដែលបោះបង់ចោលព្រះរាជវាំងអង្គរ មកនៅនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ប៉ុន្តែដោយទីទួលបាសាននេះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់ក៏យាងមកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះនៅ គ.ស. ១៤៣៤។ ព្រះរាជវាំងភ្នំពេញ កសាង ២ លើក គឺលើកទី ១ នៅសតវត្សទី ១៥ រជ្ជកាលព្រះបាទពញាយ៉ាត តែមិនឋិតថេរ និងលើកទី ២ នៅគ្រិស្តសតវត្សទី ១៩ រជ្ជកាលព្រះបាទនរោត្តម។ នៅវត្តភ្នំមានសំណង់បុរាណនិងសម័យជាច្រើន រួមមាន ព្រះវិហារវត្តភ្នំ ចេតិយព្រះបាទពញាយ៉ាត នាឡិកាធំមួយ និងរូបចម្លាក់ព្រះស៊ីសុវត្ថិ ជានិមិត្តរូបនៃការថ្វាយបូរណភាពទឹកដី នៃខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរវិញ។ ប៉ុន្តែរូបសំណាក់ ដូចដែលបានឃើញសព្វថ្ងៃនេះ ពុំមែនជារូបសំណាកដើមទេ គឺជារូបសំណាកដែលទើបនឹងចម្លងពីរូបដើម ដែលត្រូវបានយកទៅរក្សាទុកនៅឯសារមន្ទីរជាតិ តាំងពីក្រោយព្រឹត្តិការណ៍ថៃ្ង១៨ មីនា ១៩៧០ម្ល៉េះ។ រូបសំណាកដើម ធ្វើអំពីល្បាយលោហធាតុមានស្ពាន់ភាគច្រើនក្នុងឆ្នាំ១៩០៩។ រូបសំណាកនេះ មានពលថ្មើរជើងម្នាក់ កំពុងឈរវន្ទនាការដោយដៃស្តាំ កាន់កាំភ្លើងបញ្ឈរស្របនឹងជើង ទាញទង់ជាតិប្រទេសបារាំងឱ្យលាតសន្ធឹងពីលើ។ នៅពីលើផ្ទាំងថ្មមានឆ្លាក់អក្សរបារាំងថា «Traite Franco-Siamois du 15 Mars 1907 Battambang, Siemreap, Sisophon» សន្ធិសញ្ញាបារាំងសៀម ចុះថ្ងៃទី១៥ មីនា ១៩០៧ ខេត្តបាត់ដំបង សៀមរាប ស៊ីសុផុន ខាងក្រោមអក្សរចារឹក នេះមានរូបសំណាកជនជាតិបារាំងដូរូសូ ដឺ គុលសង់ ដែលជាកុងស៊ុលប្រចាំនៅខេត្តបាត់ដំបង នាឆ្នាំ១៩០៣។ រូបព្រះបាទ ស៊ីសុវត្ថិកំពុងគ្រងរាជ្យ និងនៅផ្នែកខាងស្តាំវិញ ជារូបនារីបីនាក់កាន់ពានតម្កល់រូបសំណាក ប្រាសាទព្រះវិហារ តំណាងឲ្យខេត្តសៀមរាប នារីទីពីរតំណាងឲ្យខេត្តបាត់ដំបង កាន់ពានតម្កល់ថង់ត្រាពណ៌បៃតង និងត្រាពណ៌លឿង និងនារីទីបីតំណាងខេត្តស៊ីសុផុន (សិរីសោភ័ណ) កាន់ពានតម្កល់ក្លងពណ៌បៃតង សម្រាប់ដាក់ឯកសារជាលាយលក្ខណ៍អក្សរ ។