ថ្វីបើប្រព័ន្ធសារព័ត៌មានមួយចំនួនអះអាងថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលក្រសួងបរិស្ថានបានលាតត្រដាងពីប្រាសាទបុរាណនេះលាក់ខ្លួនកណ្ដាលព្រៃឡង់ ប៉ុន្តែតាមការពិតប្រាសាទត្រពាំងប្រើសបានចុះក្នុងបញ្ជីបេតិកភណ្ឌកម្ពុជាតាំងពីយូរមកហើយ ដែលមានលេខរមណីដ្ឋាន ១៩៦ និងលេខ IK 159។ ការហៅឈ្មោះប្រាសាទថា “ត្រពាំងប្រើស” ដូច្នេះ គឺគេហៅតាមរយៈត្រពាំងធំមួយ ដែលស្ថិតនៅខាងកើតប្រាសាទ។ សព្វថ្ងៃ នៅទីនេះអ្នកស្រុកបានសាងជាអាស្រមមួយ ហើយមានសំណងស្រាលមួយ ចំនួននៅជុំវិញបរិវេណប្រាសាទ តែមិនមានព្រះសង្ឃគង់នៅនោះទេ។ ប្រាសាទមានប្រាង្គ៣ តម្រៀបគ្នាទិសពាយ័ព្យអគ្នេយ៍ បែរមុខទៅទិសឦសាន មានស៊ុមទ្វារធ្វើពីថ្មភក់ សង់លើគ្រឹះថ្មបាយក្រៀម និងមានកំពែងធ្វើពីឥដ្ឋ។ ប្រាង្គទាំងបីមាន រាងបួនជ្រុងទ្រវែង ដែលក្នុងនោះប្រាង្គកណ្ដាលមានប្រវែង ៧.២០x៥.៦០ ម៉ែត្រ និងកម្ពស់ ១២ម៉ែត្រ ហើយប្រាង្គនៅអមសងខាងមានប្រវែងស្មើៗគ្នាដែលមានប្រវែង ៦.៣០x៤.៩០ម៉ែត្រ និងកម្ពស់ ១២ម៉ែត្រ។ ប្រាង្គទាំងបីនេះ មានការទ្រុឌទ្រោមខ្លាំងដូចគ្នា ដោយផ្នែកខ្លះបានបាក់រលំធ្លាក់មកក្រោម លើកលែងប្រាង្គកណ្ដាលដែលនៅមានសភាពល្អច្រើន។ ជនខិលខូចធ្លាប់ជីកបំផ្លាញរុករកវត្ថុបុរាណនៅប្រាង្គទាំងបីនេះ ដែលជាហេតុ ធ្វើឱ្យការទ្រុឌទ្រោមនៃប្រាសាទកាន់តែមានហានិភ័យខ្ពស់។ ប្រាសាទបុរាណនេះប្រហែលជាកសាងក្នុងអំឡុងចុងសតវត្សទី៨ស្ថិតនៅក្នុងរចនាបថកំពង់ព្រះ នៅចុងសម័យចេនឡា។ ប្រាសាទនេះស្ថិតនៅមិនឆ្ងាយពីក្រុងសម្ភុបុរឡើយ គឺនៅទិសខាងលិចប្រមាណ៣០គីឡូម៉ែត្រប៉ុណ្ណោះ។ ក្រុងសម្ភុបុរ គឺជាអតីតក្រុងបុរាណរបស់ ខ្មែរមួយនាដើមស.វ.ទី៨ដល់ចុងស.វ.ទី៨ ដែលគ្រប់គ្រងដោយព្រះមហាក្សត្រចំនួនបួនអង្គ ចាប់ផ្តើមដំបូងដោយព្រះបាទឥន្ទ្រលោក ហើយស្នងរាជដោយក្សត្រីចំនួនបីអង្គទៀតមានព្រះនាមថា នីពេន្ទ្រទេវី, ជយេន្ន--ភា, ជេស្តារ្យ ហើយសន្តិវង្សនេះមិនចំណុះឱ្យសន្តិវង្សខ្មែរកណ្ដាល ដែលគ្រប់ដោយព្រះនាងជ័យទេវីឡើយ។ ប្រការនេះ នាំឱ្យយើងអាចសន្និដ្ឋានបានថា ប្រាសាទត្រពាំងប្រើស ទំនងសង់ឡើងនៅស.វ.ទី៨ ក្នុងរជ្ជកាលក្សត្រីអង្គណាមួយក្នុងចំណោមស្តេចស្រីទាំងបីអង្គនេះ។