ក្រុងខេមរភូមិន្ទ

កោះកុងគឺជាខេត្តមួយរបស់អាណាចក្រខ្មែរ តែនៅសម័យដែលខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់សៀម កោះកុងត្រូវសៀមបានរឹបអូសមកធ្វើជារបស់ខ្លួន។ ក្រោយមកនាសម័យអាណានិគមបារាំងទើបដែនដីនេះត្រូវបានមកជារបស់អាណានិគមបារាំង ហើយបច្ចុប្បន្ននេះបានក្លាយជាផ្នែកមួយនៃប្រទេសកម្ពុជា។ ក្នុងរជ្ជកាលព្រះបាទស៊ីវត្ថិមុន្នីវង្ស ខេត្តកោះកុងជាស្រុកចំណុះខេត្តកំពត ដែលចៅហ្វាយស្រុកកោះកុង មានងារជា ពិជ័យរឿងឫទ្ធិ។ ខេត្តនៅចុងនិរតីបំផុតនៃប្រទេសកម្ពុជាមួយនេះ មានខ្សែឆ្នេរសមុទ្រដ៏វែងដែលមិនទាន់បានអភិវឌ្ឍ និងទីខាងក្នុងព្រៃភ្នំមិនទាន់រុករាន មានទំហំធំល្វឹងល្វើយរួមមានផ្នែកនៃជួរភ្នំក្រវាញ និងឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិបទុមសាគរជាប់បន្តដោយឧទ្យានជាតិគីរីរម្យ។ អ្វីដែលជាភាពទាក់ទាញទេសចរណ៍របស់ខេត្តនេះរួមមានតំបន់ឆ្នេរនិងទឹកធ្លាក់ ខណៈដែលតំបន់នេះក៏ជាតំបន់កំពង់ផែថ្មីៗកំពុងអភិវឌ្ឍ។ បន្ទាប់ពីការរំដោះពីរបបខ្មែរក្រហមក៏កោះកុងនៅតែមិនទាន់មានប្រជាជនច្រើននៅឡើយ។ ក្រោយមកគោលនយោបាយរដ្ឋាភិបាលថ្នាក់ជាតិបានជម្រុញលើកទឹកចិត្តឱ្យប្រជាជនមករស់នៅកោះកុង ក៏ធ្វើឱ្យមានលំហូរចូលមនុស្សយ៉ាងគំហុក។ វាត្រូវបានគេប៉ាន់ប្រមាណថាអត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៅកោះកុងគឺ ១៦ ភាគរយ ដែលបានគំរាមកំហែងដល់ធនធានព្រៃកោងកាងនៅក្នុងខេត្តនេះ។ ទីប្រជុំជនរបស់ខេត្តកោះកុងបានរីកចម្រើនយ៉ាងលឿនដើម្បីឆ្លើយតបទៅនឹងសម្ពាធខាងទីផ្សារពីប្រទេសថៃ និងដោយសារចំណូលស្រុកមកពីខេត្តផ្សេងៗ។ ខេត្តកោះកុងមានស្រុកចំនួន៦ គឺ ស្រុកកោះកុង, គិរីសាគរ, ថ្មបាំង, បុទុមសាគរ, មណ្ឌលសីមា, ស្រែអំបិល និងក្រុងខេមរភូមិន្ទមួយជាទីរួមខេត្ត។ ចំនួនប្រជាជនក្នុងខេត្តមានជាង ១២០ ពាន់នាក់ អត្រាកំណើនទាបប្រមាណតែ ៤ភាគរយ ដែលនាំឱ្យដង់ស៊ីតេក៏ទាបដែរ រហូត ១២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ឈរនៅលំដាប់លេខពីរពីខាងក្រោម (លើខេត្តមណ្ឌលគីរីមួយ) ប៉ុណ្ណោះ។ ខេត្តនោះនៅមានសល់ព្រៃមិនទាន់រុករានជាច្រើនព្រមទាំងធម្មជាតិបៃតងស្រងាត់ រួមនិងផលនេសាទទឹកប្រៃដ៏ច្រើនសម្បើមជាលក្ខណៈដ៏ពិសេសនៃខេត្តនេះ។ និមិត្តសញ្ញារបស់ខេត្តមានរូបយុថ្កាជាគោល រូបត្រីនិងនាវាព្រមទាំងវារីអគ្គិសនីផងដែរ។

ទីតាំងនៅលើផែនទី