ព្រះបរមរាជវាំងចតុមុខមង្គល

ព្រះបរមរាជវាំងនៅកម្ពុជាគឺជាកន្លែងគង់ប្រថាប់របស់ព្រះមហាក្សត្រកម្ពុជា។ បរិវេណព្រះបរមរាជវាំងជាប្រាសាទ ក្នុងរាជធានីភ្នំពេញដែលចាប់ផ្ដើមកសាងក្នុងរាជ្យរបស់ព្រះបាទពញាយ៉ាត ហើយត្រូវបានកសាងឡើងវិញ នៅឆ្នាំ១៨៨៦ នៅពេលដែលព្រះបាទនរោត្តម ផ្លាស់ប្តូររាជធានីពីឧដុង្គមកកាន់ភ្នំពេញ។ ប្រាសាទដែលមានក្បូរក្បាច់រចនាដ៏ប្រណីតទាំងនេះ គឺជានិមិត្តរូបដ៏អស្ចារ្យនៃស្ថាបត្យកម្ម បុរាណខ្មែរ មានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល គឺព្រះបរមរាជវាំងនៅចំណុចប្រសព្វទន្លេចតុមុខ។ ព្រះបរមរាជវាំងមានកំពែងព័ទ្ធជុំវិញប្រវែង ១៧៧២ ម៉ែត្រ គឺជ្រុងនីមួយៗប្រមាណជា៤០០ម៉ែត្រ។ ព្រះបរមរាជវាំងមានកំពែងថ្មលំអទៅដោយសន្លឹកសីមា សាងតាមរចនា បថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន ៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយមាន អ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ដែលជាស្ថាបត្យករដ៏ឆ្នើមជាអ្នករៀបចំ។ ប្រាសាទជាច្រើន មានរាងសង្ហារ ទៅតាមក្បូរក្បាច់រចនា ហើយមានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ មានកំពូលស្រួចបាញ់ទៅលើ លាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស ដែលតំណាងឲ្យព្រហ្មញ្ញសាសនា។ ក្នុងព្រះបរមរាជវាំងមានបា្រសាទជាច្រើនប្រកបដោយស្ថាបត្យកម្មផ្សេងៗគ្នា រួមមាន ប្រាសាទទេវាវិនិច្ឆ័យ សម្រាប់ធ្វើពិធីរាជាភិសេក, ព្រះមហាប្រាសាទខេមរិន្ទ បច្ចុប្បន្នជាព្រះរាជដំណាក់ដែលព្រះមហាក្សត្រគង់នៅ សម្រាប់ទទួលភ្ញៀវកិត្តិយសធំៗ, ប្រាសាទសហមេត្រីធ្លាប់ជាព្រះរាជដំណាក់សម្រាប់ព្រះមហាក្សត្រីស៊ីសុវត្ថិ កុសុមៈនារីរ័ត្នព្រះអង្គតាំងឧបោសថសិលនៅទីនោះហើយក្រោយមកទៀត ត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់, ប្រាសាទហោសំរាន្តភិរម្យ ជាកន្លែងសម្រាប់ទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងត្រៀមប្រដាប់ប្រដាសម្រាប់ ព្រះរាជពិធីហែក្បួនផ្សេងៗ សព្វថ្ងៃនេះបានក្លាយទៅជាសារមន្ទីរព្រះសីហនុ ដែលមានតម្កល់ទុកវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ, ប្រាសាទច័ន្ទឆាយា គឺជាធ្លាសម្រាប់រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាព និងជាវេទិកាកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទត ការហែក្បួនព្យុះហយាត្រា, ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន ប្រើប្រាស់សម្រាប់ជាកន្លែងតម្កល់នូវគ្រឿងបញ្ចកកុធភណ្ឌ, ព្រះទីន័ងភោជនីយ ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន ក្នុងពិធីបុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ, វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែក មានលំអដោយរូបនាឡិកា១ដ៏ធំជាសារមន្ទីរ, ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ សព្វថ្ងៃជាមន្ទីរការិយាល័យរដ្ឋបាល នៃក្រសួងព្រះបរមរាជវាំង។

ទីតាំងនៅលើផែនទី