ប្រាសាទគោកចក

ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ ចុងសតវត្សរ៍ទី៩។ ប្រាសាទគោកចកដែលទើបត្រូវបានជួសជុលឡើងវិញរួចហើយ សង់ពីឥដ្ឋនិងថ្មបាយក្រៀម មានប្រាង្គពីរធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់និងមានសសរពេជ្ររាង៨ជ្រុង។ ជ្រុងបីផ្សេងទៀតរបស់ប្រាង្គខាងត្បូងមានលម្អជាទ្វារបញ្ឆោតធ្វើពីឥដ្ឋ។ ប្រាសាទមានគូទឹកមួយទំហំ ១០០x១០០ ម៉ែត្រ ហើយមានផ្លូវចូលខាងកើត។ ស្រះមួយទំហំ ៧០x៤០ម៉ែត្រ ស្ថិតនៅខាងកើតចម្ងាយ១៧០ម៉ែត្រ។ ប្រាង្គទាំងពីរមានចារសិលាចារឹករំលឹកអំពីឆ្នាំដែលព្រះរាជាឈ្មោះ ជ័យវរ្ម័ន (វិស្ណុលោក) ដែលជាបុត្រារបស់ព្រះបាទ បរមេស្វរៈ (ជ័យវរ្ម័នទី២) បានមកទាក់ដំរីនៅតំបន់នោះ ហើយដំរីនោះបានរត់បាត់ទៅវិញ។ លុះវេលាយប់ព្រះអង្គបានយល់សុបិន្តឃើញព្រាហ្មណ៍មួយប្រាប់ឱ្យព្រះអង្គកសាងបដិមានិងមានការគោរពដល់គាត់ៗនឹងប្រគល់ដំរីឱ្យវិញ។ ព្រឹកឡើងដំរីនោះក៏ត្រលប់មកវិញមែន ទើបព្រះអង្គបានបង្គាប់ឱ្យគេឆ្ការព្រៃនិងសាងប្រាសាទនេះឡើងដោយមានថ្វាយទាសាទាសីនៅបំរើប្រាសាទនោះផងដែរ។

ទីតាំងនៅលើផែនទី