ឡពិឃាដភ្នំទ្រង់បាត គឺជាកន្លែងដុតសពមនុស្សកាលពីរបបខ្មែរក្រហម។ ប្រជាជន១៧មេសាភាគច្រើនបានត្រូវសម្លាប់នៅទីនោះ។ ឡពិឃាដ គ្រាន់តែជាឈ្មោះដែលប្រជាជនគ្រប់គ្នានាំគ្នាហៅបន្ទាប់ពី របបខ្មែរក្រហមត្រូវដួលរលំប៉ុណ្ណោះ។ ប្រជាជនបានបកស្រាយថា ប្រជាជនជម្លៀសដែលត្រូវបានសម្លាប់ ត្រូវខ្មែរក្រហមដុតជាមួយនឹងអង្កាមដើម្បីយកផេះ និងកមេ្ទចកម្ទីទៅធ្វើជីដាក់ស្រែ។ នៅឆ្នាំ១៩៩៨ ក្រុមស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ភាសជាមួយអតីតអ្នកទោសជំនាន់ខ្មែរក្រហមពីរនាក់ ដែលធ្លាប់បានឃើញហេតុការណ៍ដុតមនុស្សផ្ទាល់ភ្នែកនៅជើងភ្នំទ្រង់បាតហើយថតរូបផ្ទះថ្មចាស់ទ្រុឌទ្រោមមួយនៅជាប់ជើងភ្នំទ្រង់បាតដែលក្រោយមកត្រូវបានយកធ្វើជាកន្លែងតម្កល់អដ្ឋិធាតុ។