ទឹកធ្លាក់ទូងៗ

ទឹកធ្លាក់ទូងៗ ជារមណីយដ្ឋានដែលនៅទីនោះសម្បូរទៅដោយ ធម្មជាតិស្រស់បំព្រង រួមជាមួយទឹកធ្លាក់ដ៏ត្រជាក់ និង ព្រៃភ្នំក្រំថ្ម គួរជាទីទាក់ទាញអារម្មណ៍អ្នកទេសចរ។ ទិនេះជាតំបន់ស្ថិតនៅជិតការដ្ឋានយកថ្ម ស្ថិតនៅជើងភ្នំដំរី ចម្ងាយពីកំពូលភ្នំមកដល់ជើងភ្នំនេះប្រវែងប្រមាណជាង១គីឡូម៉ែត្រ។ ទឹកធ្លាក់នេះ ត្រូវបានចែកចេញជា ៣ ដំណាក់ គឺដំណាក់ទី១ ស្ថិតនៅក្រោមគេបង្អស់ (ជើងភ្នំ) គឺប្រៀបដូចជាថ្លុក ឬស្រះត្រពាំងតូច មួយសម្រាប់ឱ្យអ្នកទេសចរងូតទឹកលេងកម្សាន្ត។ ដំណាក់ទី២ គឺស្ថិតនៅចង្កេះភ្នំ ដែលមានទឹកហូរធ្លាក់មកកម្ពស់ប្រមាណ៣ម៉ែត្រ ដែលអ្នកទេសចរក៏អាចងូតទឹកធ្លាក់កម្សាន្តនេះបាន យ៉ាងសប្បាយ រីករាយផងដែរ។ ដោយឡែក ដំណាក់ទី ៣ ពុំមានទឹកធ្លាក់នោះទេ ដែលអាចដើរកម្សាន្តបាន។ នៅរដូវវស្សា ទីនេះមានទឹកធ្លាក់មកច្រើនណាស់ ពេលដែលទឹកនេះហូរធ្លាក់មកប៉ះនឹងថ្ម ក៏លាន់ឮសូរទូងៗ ទើបគេឱ្យឈ្មោះថា ទឹកធ្លាក់ទូងៗ។

ទីតាំងនៅលើផែនទី