ភ្នំរាប់បាត្រ

ភ្នំរាប់បាត្រ មានកម្ពស់ប្រមាណ ៤០ម. ត្រូវបាននិយមចូលចិត្តដោយអ្នកស្រុក ក៏ដូចជាអ្នកទេសចរបរទេស ផងដែរ ព្រោះវាមានភ្នំតូចៗជាច្រើនជុំវិញ ប្រកបដោយសម្រស់ស្រស់ស្អាត ពិសេសទេសភាពនៃជួរភ្នំក្រវាញហើយជាប់ទាក់ទងនឹងរឿងព្រេង និងជំនឿពីបុរាណមកទៀតផង។ គេមានជំនឿថាដានជើងរបស់តាព្រហ្ម បានជាន់មុនគេនៅលើភ្នំរាប់បាត្រ ហើយទាក់ទងភ្នំនេះមានរឿងនិទានបន្សល់ទុកតាំងពីសម័យលង្វែកថាជា «ភ្នំរាប់បាត្រ» ដោយសារតែទ័ពខ្មែរធ្វើសឹកឈ្នះសៀម។ រឿងនោះតំណាលថា មានមេទ័ពម្នាក់បានបួងសួងថា បើវាយឈ្នះសៀម នឹងធ្វើពិធីរាប់បាត្រនៅទីនេះ។ ដូចអ្វីដែលខ្លួនប៉ងប្រាថ្នាមេទ័ពនេះបានវាយសៀមឈ្នះ ហើយក៏បានប្រារព្ធពិធីបុណ្យនិងរាប់បាត្រព្រះសង្ឃជាច្រើនអង្គទើបជាប់ឈ្មោះភ្នំនេះតមក។ តាមការតំណាលតមកទៀតថា នៅមុនទ័ពខ្មែរវាយបណ្ដេញសៀម ចេញពីបន្ទាយលង្វែក ទ័ពសៀមបានឡើងមកលើភ្នំនេះបានវាយភ្នំថ្មអណ្ដើក យកឆ្នាំងឆ្អិនឯងមានបារមីស័ក្ដិសិទ្ធិដោយបួងសួងសុំម្ហូបអ្វីបានហ្នឹង ហើយម្ហូបទាំងនោះឆ្អិនស្រាប់តែម្ដង។ នៅលើកំពូលភ្នំ មានវត្តមួយដ៏ស្រស់ស្អាត ដែលជាទីប្រជុំក្នុងថ្ងៃបុណ្យ និងពិធីផ្សេងៗ ដែលវត្តនេះមានឈ្មោះថា វត្តគិរីវង្គតរាប់បាត្រ។

ទីតាំងនៅលើផែនទី